សេដ្ឋកិច្ច

ទំហំទុនវិនិយោគរបស់ចិននៅប្រទេសកម្ពុជា កើនដល់ ៣៦ពាន់លានដុល្លារ

image


ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា គិតចាប់ពីទសវត្សឆ្នាំ១៩៩០ មកទល់ដើមឆ្នាំ ២០២៥នេះ ការវិនិយោគរបស់ចិននៅកម្ពុជា មានទំហំប្រមាណ ៣៦ ពាន់លានដុល្លារអាម៉េរិក ខណៈក្នុងរយ:ពេល ៥ឆ្នាំចុងក្រោយ (២០២១-២០២៥) ប្រភពទុនវិនិយោគចិនបានឈរនៅលំដាប់លេខ ១ ឬ ២ សម្រាប់ការវិនិយោគឯកជននៅកម្ពុជា។ ជាក់ស្តែង នៅក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ការវិនិយោគមកពីប្រទេសចិន ស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែកប្រមាណ ៣.៤២៣លានដុល្លារអាម៉េរិក ស្មើនឹង ៤៩,៨២% នៃទុនវិនិយោគសរុបនៅកម្ពុជា។

ការថ្លែងឲ្យដឹងបែបនេះរបស់លោក ហឿន សំនៀង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឳកាសបានអញ្ជើញចូលរួមជាវាគ្មិន ក្នុងវេទិកាពិសេសស្តីពី «មិត្តភាពដែកថែបកម្ពុជា-ចិន ក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម» ដែលបានរៀបចំឡើងដោយវិទ្យាសា្ថនទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យ សភាកម្ពុជា នាថ្ងៃទី ៩ខែមេសា ឆ្នាំ ២០២៥។

លោក ហឿន សំនៀង បានគូសបញ្ជាក់ថា ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីលើកិច្ចការអភិវឌ្ឍន៍ ក៏បានផ្តល់នូវផ្លែផ្កាដ៏មហាសាលដល់កម្ពុជា ដែលចាប់ពីទសវត្សរ៍ឆ្នាំ១៩៩០ ដល់ដើម ឆ្នាំ២០២៥នេះ ចិនបានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការមកកម្ពុជាសរុបប្រមាណជិត ៦ពាន់ លានដុល្លារអាម៉េរិកផងដែរ សម្រាប់ការអភិវឌ្ឍលើវិស័យសំខាន់ៗ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ថាមពលនិងអគ្គិសនី អប់រំ សុខាភិបាល កសិកម្ម និងប្រព័ន្ធធារាសាស្ត្រ ជាដើម។

ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ ប្រទេសចិនបានក្លាយទៅជាអ្នកវិនិយោគដ៏ធំ និងមានឥទ្ធិពលបំផុតមួយរបស់កម្ពុជា ដែលជំរុញឱ្យមានការរីកចម្រើនលើវិស័យសំខាន់ៗដូចជា ហេដ្ឋារចនាសម្ព័ន្ធ ផលិតកម្ម អចលនទ្រព្យ ថាមពល ទេសចរណ៍ និងកសិកម្ម ជាដើម។

ភាពជាដៃគូនេះត្រូវបានពង្រឹងលំដាប់ដោយគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) របស់ប្រ ទេសចិន ដែលនាំទៅដល់ការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាផ្លូវថ្នល់ ស្ពាន និងថាមពល ដែលជួយពង្រឹងការតភ្ជាប់ និងសមត្ថភាពសេដ្ឋកិច្ចរបស់កម្ពុជា។ ក្រៅពីហេដ្ឋារចនាសម្ព័ន្ធ ក្រុមហ៊ុនចិន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញវិស័យឧស្សាហកម្ម ទេសចរណ៍ និងកសិកម្មរបស់កម្ពុជា។

ការកើនឡើងនៃការវិនិយោគរបស់ចិននេះ បានឆ្លុះបញ្ចាំងពីភាពជាដៃគូសេដ្ឋកិច្ចដែលកំពុងវិវត្ត និងកាន់តែខ្លាំងឡើងរវាងទីក្រុងភ្នំពេញ និងទីក្រុងប៉េកាំង។ ទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ដែលសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) គឺជាកត្តាចម្បងដែលលើកទឹកចិត្តដល់អ្នកវិនិយោគចិនកាន់តែច្រើនមកកម្ពុជាផងដែរ។

តាមការគ្រោងទុកប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រ ទេសកម្ពុជា នាពាក់កណ្តាលខែមេសានេះ ដែលរំពឹងថា នឹងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត។

ថ្លែងនាឱកាសអញ្ជើញជាអធិបតី “សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស មរតកតេជោ” នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ប្រធានាធិបតីចិន លោក ស៊ី ជីងពីង នឹងធ្វើទស្សនកិច្ចនៅកម្ពុជា ឆាប់ៗខាងមខុនេះ នឹងបន្តជំរុញការវិនិយោគបន្ថែមទៀត។


នៅពាក់កណ្តាលខែមេសានេះ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន នឹងមកបំពេញទស្សនកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះមានប្រទេសម៉ាឡេស៊ី, វៀតណាម និងកម្ពុជា។ សូមរំលឹកថា កាលពី ឆ្នាំ២០១៦ លោក ស៊ី ជិនពីន ប្រធានាធិបតីចិន ក៏ធ្លាប់បានធ្វើដំណើរទស្សនកិច្ចផ្លូវការមកប្រទេសកម្ពុជាផងដែរ៕