អាជ្ញាធរខេត្តស្ទឹងត្រែង បន្តបង្កើតសមិទ្ធផលទេសចរណ៍ថ្មីៗជាច្រើន ដើម្បីស្រូបទាញភ្ញៀវទេសចរ ខណៈរូបលោកអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ដាក់តម្កល់នៅថ្ងៃនេះ
ស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែងលោក សរ សុពុត្រា បានឱ្យដឹងថា កន្លងមករដ្ឋបាលខេត្ត និងក្រុមប្រឹក្សាខេត្ត បានចូលរួមសហការគ្នាយ៉ាងស្អិតរមួត ធ្វើឱ្យខេត្តស្ទឹងត្រែង សម្រេចបានលទ្ធផលការងារល្អប្រសើរគួរជាទីមោទនៈ ទាំងការងារអភិបាលកិច្ច និងការងារអភិវឌ្ឍខេត្ត។
លោកថា ការណ៍នេះ ដោយសារកត្តាភូមិសាស្ត្រ និងសកត្តានុពល នៃធនធានធម្មជាតិ ខេត្តស្ទឹងត្រែង បានក្លាយជាគោលដៅតំបន់អភិវឌ្ឍភូមិភាគឦសាន្ត នៃប្រទេសកម្ពុជា ដែលទាមទាឱ្យមានការបន្តរៀបចំ ឬកែច្នៃបន្ថែមដែលអាចធ្វើទៅបាន ដើម្បីរម្លេចនូវសម្រស់ស្រស់បំព្រង ប្រយោជន៍ស្រូបទាញអ្នកវិយោគ និងអ្នកទេសចរ ឲ្យបានកាន់តែច្រើនឡើងៗបន្ថែមទៀត ។
ហេតុដូច្នេះ ពេលនេះរដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ បានរៀបចំពិធីសែនព្រេនតាមបហរពៃណីដូនតា សុំទឹកដី តម្កល់រូបសំណាករបស់លោកអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត នៅលើទីតាំងតាំងដ៏ស្រស់ស្អាតនាសួនច្បារមាត់ទន្លេសេកុង នៃក្រុងស្ទឹងត្រែង មិនឆ្ងាយប៉ុន្មានពីស្ពានសេកុងឡើយ ។
ក្នុងពិធីនេះ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានលើកឡើងថា រដ្ឋបាលខេត្ត កន្លងមកបានរៀបចំកន្លែងសំខាន់ៗសម្រាប់ដាក់តម្កលនូវរូបសំណាកបុព្វបុរសយើងដូចជា រូបសម្តេចព្រះសង្ឃរាជ ជួន ណាត រូបកវី ក្រម ង៉ុយ ព្រះបាទជ័យវរ្ម័នទី៧ ជាដើម ក្រៅតែអំពីការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធលូ សួនច្បារ ទីលាននាគជ័យ និងកែលម្អទីក្រុងស្ទឹងត្រែងឲ្យមានសោភណភាពស្រស់ស្អាត បរិស្ថានល្អ មានអនាម័យខ្ពស់ ដើម្បីប្រជាជនខេត្តស្ទឹងត្រែងទាំងមូល ។
លោកអភិបាលខេត្ត ក៏បានក្រើនរម្លឹកដល់ដល់ប្រជាជនគ្រប់រូប ត្រូវចូលរួមថែរក្សា ការពារ នូវសមិទ្ធផលទាំងឡាយនេះឲ្យបានគង់វង់ យូរអង្វែងទៅថ្ងៃមុខ ព្រោះសមិទ្ធផលទាំងនេះ វាជារបស់បងប្អូនទាំងអស់គ្នា មិនមែនជារបស់លោកតែម្នាក់ឯងឡើយ ។
ជាមួយគ្នា លោក សរ សុពុត្រា បានអំពាវនាវ ដល់ភ្ញៀវទេសចរ មកលេងកម្សាន្តខេត្តស្ទឹងត្រែងឲ្យបានច្រើន ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ ព្រោះថាឆ្នាំថ្មីនេះ រដ្ឋបាលខេត្តបានរៀបចំកម្មវិធីកម្សាន្តជាច្រើន ដូចជា ល្បែងទាញព្រ័ត្រយក្ស ចោលឈូង បោះអង្គញ់ លាក់កន្សែង ទីក្រុងទឹក(មានរថយន្តបាញ់ទឹកស្អាត ) ព្រមទាំងផ្ទាំងទស្សនីយភាពជាច្រើនទៀតផងដែរ ៕
អត្ថបទ៖ ម៉ាក មេត្តា