សង្គម

តំបន់រមណីយដ្ឋាន ទំនប់ម្លេច នៃខេត្តកំពត កំពុងរៀបចំសង្ក្រាន្តឆ្នាំថ្មី «រាំវង់ទំនប់ម្លេច» រយៈពេល៣ថ្ងៃ

image


កំពត៖ តំណាងប្រជាពលរដ្ឋ និងជាប្រធានសហគមន៍អេកូទេសចរណ៍ទំនប់ម្លេច លោក ឡាច សោភិន បានឱ្យដឹងថា បន្ទាប់ពីបានរៀបចំបង្កើតជាតំបន់អេកូទេសចរណ៍ធម្មជាតិរយៈពេល ៨ឆ្នាំមកនេះ ទំនប់ម្លេច បានពង្រីកសេវាកម្មរបស់ខ្លួនយ៉ាងសម្បូរបែប ហើយកំពុងទទួលបានការគាំទ្រ ពីភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើន។


លោក ឡាច សោភិន បានបន្តថា ក្នុងស្មារតីសាមគ្គីភាព និងកិច្ចសហការរវាងអាជ្ញាធរ មន្ត្រីសង្ឃ វត្តអារាម អាជីវករ និងប្រជាពលរដ្ឋ ដោយមានការឧត្តម្ភគាំទ្រពី ឌឹ មរកត រីសតម្លេច ដែលជាកន្លែងផ្តល់សេវាស្នាក់នៅ អាហារដ្ឋាន និងលំហែកម្សាន្ត មានខ្ចុះ និងស្ពានឫស្សីវែងរាប់រយម៉ែត្រ ដែលនឹងចាប់ផ្តើមបើកដំណើរសាកល្បងក្នុងថ្ងៃចូលឆ្នាំផងដែរនោះ សហគមន៍ នឹងរៀបចំសង្ក្រាន្តឆ្នាំថ្មី ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលមានឈ្មោះថា "រាំវង់ទំនប់ម្លេច"។ ព្រឹត្តិការ​ណ៍នេះ ដោយមានការជំរុញលើកទឹកចិត្ត និងជួយគាំទ្រពីអាជ្ញាធរខេត្ត ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ដល់ប្រតិបត្តិករទេសចរណ៍ឱ្យមានលទ្ធភាពអាចអភិវឌ្ឍន៍កន្លែងរបស់ខ្លួនមលដល់សព្វថ្ងៃ។

សហគមន៍រំពឹងថា ការបង្កើតព្រឹត្តិការណ៍នេះនឹងជួយជំរុញ និងបង្កើនចំនួនភ្ញៀវទេសចរទាំងក្នុងស្រុក និងក្រៅស្រុកឱ្យមកទស្សនា និងស្វែងយល់ពីសកម្មភាពប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ហើយសហគមន៍នឹងបន្តរៀបចំសង្ក្រាន្តជារៀងរាល់ឆ្នាំឱ្យបានកាន់តែធំ និងសប្បាយរីករាយថែមទៀត៕


អត្ថបទ៖ វង្ស សុធារម្យ