សង្គម

អាជ្ញាធរខេត្តកំពង់ធំ កោះប្រជុំបន្ទាន់ ដើម្បីពង្រឹងអង្គភាពពាក់ព័ន្ធអនុវត្តការងារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

image


កំពង់ធំ៖ ខណ:ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋនាំគ្នាសម្រុកលេងកម្សាន្តសប្បាយយ៉ាងច្រើនកុះករតាមគោលដៅទីតាំងនានាក្នុងព្រឹត្តិការណ៍សង្ក្រានកំពង់ធំ និងដើម្បីរឹតបណ្ដឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈឲ្យកាន់តែប្រើឡើងថែមទៀត នៅព្រឹកថ្ងៃចូលឆ្នាំទី២ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានកោះប្រជុំបន្ទាន់ ដើម្បីជំរុញឲ្យអង្គភាពពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងការអនុវត្តការងារតាមតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានច្បាស់លាស់ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

លោក នួន ផារ័ត្ន បានបញ្ជាក់ថា ឆ្លងកាត់បទពិសោធន៍នៃការរៀបចំសង្ក្រាន្តកំពង់ធំថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ លោកបន្ត​ដាក់ចេញវិធានការសរុប កម្លាំងសរុប មធ្យោបាយសរុប សំដៅថែរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ធានាផ្ដល់សុខុដុមរមនា ជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ពិសេសនៅតាមដងផ្លូវដែលបង្ហាញពីការយកចិត្តទុកដាក់របស់គណបញ្ជាការឯកភាពខេត្ត។ ក្នុងនោះលោកក៏បានសង្កត់ធ្ងន់លើការងារជំនាញ ត្រូវអនុវត្តដូចភ្លៀងរលឹម រួមមាន ព្រហ្មទណ្ឌ, ប្រឆាំងគ្រឿងញៀន, ចរាចរណ៍ផ្លូវគោក, បង្ក្រាបក្រុមក្មេងទំនើង, ប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រួតពិនិត្យអាវុធជាតិផ្ទុះ ត្រូវបង្កការទប់ស្កាត់បង្ក្រាបបទល្មើស ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

លោក នួន ផារ័ត្ន ក៏បានក្រើនរម្លឹកដល់ថ្នាក់ដឹកនាំ តាមបណ្ដាផែនជំនាញ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក ត្រូវពង្រឹងការគ្រប់គ្រងដឹកនាំ អនុវត្តតួនាទី ភារកិច្ចជំនាញជាប្រចាំថ្ងៃ។ ក្រៅពីនេះ អង្គភាពជំនាញ ត្រូវត្រួតពិនិត្យទៅលើបរិស្ថានសំរាម អនាម័យ អគ្គិសនីតាមដងផ្លូវ ត្រូវផ្ដោតសំខាន់លើខ្លួនយើង រៀបចំទុកដាក់កន្លែងគោលដៅសម្រាប់នៅក្នុងក្រុង ចំណតរថយន្តគល់ស្ពាន ត្រូវពិនិត្យមើលទង់ជាតិដែលដាច់រហែក ឬក៏បង្គោលដែលដួលរលំត្រូវត្រួតពិនិត្យឡើងវិញក៏ដូចជាការថែទាំឲ្យបានច្បាស់លាស់ត្រឹមត្រូវ ត្រូវព្រោះពិនិត្យមើលទង់ជាតិដែលដាច់រហែក ឬក៏បង្គោលដែលដួលរលំត្រូវត្រួតពិនិត្យឡើងវិញក៏ដូចជាការថែទាំឲ្យបានច្បាស់លាស់ត្រឹមត្រូវ ពិនិត្យលើកន្លែងដែលសម្រាប់លេងទីតាំងល្បែងប្រជាប្រិយ៕