UN៖ មនុស្សជាង ៤០០នាក់បានបាត់បង់ជីវិតក្នុងការវាយប្រហាររបស់ក្រុមប៉ារ៉ាយោធាស៊ូដង់នៅតំបន់ដាហ្វួរ

ស៊ូដង់៖ ស្របពេលវិបត្តិសង្គ្រាមស៊ីវិលនៅស៊ូដង់បានឈានចូលខួបរយៈពេល ៣ឆ្នាំនាពាក់កណ្តាលខែមេសានេះ របាយការណ៍ថ្មីមួយរបស់ភ្នាក់ងារអង្គការសហប្រជាជាតិបានអះអាងថា មានមនុស្សប្រមាណជាង ៤០០នាក់បន្ថែមទៀតបានបាត់បង់ជីវិតក្នុងការវាយប្រហាររយៈពេលចុងក្រោយរបស់ក្រុមប៉ារ៉ាយោធាស៊ូដង់ ហៅកាត់ថា RSF នៅក្នុងតំបន់ដាហ្វួរ។
ប្រភពដដែលបានបញ្ជាក់ថា ក្រុមប៉ារ៉ាយោធា RSF បានផ្តើមការវាយប្រហារទាំងផ្លូវគោកនិងផ្លូវអាកាសចាប់តាំងពីសប្តាហ៍មុន មកលើតំបន់ជំរុំជនភៀសខ្លួនជុំវិញទីក្រុង el-Fasher ក្នុងគោលបំណងដើម្បីឈានទៅឡោមព័ទ្ធទីក្រុងយុទ្ធសាស្រ្តខាងលើ ដែលជារដ្ឋធានីចុងក្រោយរបស់តំបន់ដាហ្វួរ ដែលបច្ចុប្បន្នកំពុងគ្រប់គ្រងដោយកងទ័ពជាតិស៊ូដង់។
គួរជម្រាបថា វិបត្តិសង្គ្រាមស៊ីវិលនៅស៊ូដង់បានផ្ទុះឡើងដំបូងកាលពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៣ ហើយគិតមកដល់បច្ចុប្បន្ន បញ្ហាជម្លោះនេះបានបង្កឱ្យមានវិបត្តិមនុស្សធម៌យ៉ាងអាក្រក់បំផុតក្នុងពិភពលោក ខណៈពលរដ្ឋស៊ូដង់រាប់លាននាក់បានភៀសខ្លួនពីផ្ទះសម្បែង និងកំពុងរស់នៅតាមជំរុំនៅទូទាំងប្រទេស។
បច្ចុប្បន្នពលរដ្ឋទាំងអស់នោះភាគច្រើនកំពុងប្រឈមបញ្ហាយ៉ាងលំបាក ដោយសារការកង្វះស្បៀងអាហារ សម្ភារៈប្រើប្រាស់ ថ្នាំសង្កូវ រួមនិងហានិភ័យនៃការចម្លងជំងឺដំកាត់ផ្សេងៗដោយសារតែស្ថានភាពរស់នៅមានភាពណែនចង្អៀតនិងកង្វះអនាម័យ។
ដោយឡែក ជំរុំជនភៀសខ្លួនដែលនៅជុំវិញទីក្រុង el-Fasher រួមមានជំរុំ Zamzam និងជំរុំ Abu Shouk ខណៈនៅក្នុងជំរុំទាំងពីរនេះ មានមនុស្សរស់នៅសរុបជាង ៧០ម៉ឺននាក់ និងភាគច្រើនកំពុងប្រឈមមុខនឹងស្ថានភាពទុរ្ភិក្ស។ នេះបើតាមការអះអាងរបស់មន្រ្តីអង្គការសហប្រជាជាតិ លោកស្រី Ravina Shamdasani ៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Al Jazeera


