ប្រជាពលរដ្ឋមានកំណើនថ្វេរដង ក្នុងព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ធំ» ក្នុងថ្ងៃទី២

កំពង់ធំ៖ ក្នុងថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ស្ថានភាពភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋ នាំគ្នាលេងកម្សាន្តយ៉ាងណែនណាន់តាន់តាប់ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ពោលគឺ មានកំណើនថ្វេរដង។
លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ធំ» មានភ្ញៀវជាតិចំនួន ១៣២.២០៨នាក់ ភ្ញៀវបរទេសចំនួន ១៥១នាក់ បានទៅទស្សនាតាមគោលដៅទេសចរណ៍ និងតាមវត្តអារាមប្រមាណ ៣.៥៧០នាក់ ក្នុងនោះ ភ្ញៀវទេសចរទៅលេងសង្រ្កាន្តនៅក្រុងស្ទឹងសែន មានប្រមាណ ៤០.២០០នាក់, បណ្តាវត្តអារ៉ាម មានប្រមាណ ៨៨.៥៨៩នាក់។ បើធៀបរយ:ពេល២ថ្ងៃដូចគ្នាឆ្នាំមុន គឺឆ្នាំនេះ ចំនួនភ្ញៀវកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់។
សម្រាប់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរថ្ងៃទី២ នៅខេត្តកំពង់ធំ ប្រជាពលរដ្ឋចូលលេងកម្សាន្តមានល្បែង ប្រដាល់បិទមុខ ឡើងសរសខ្លាញ់ ទូលក្អម ទាញព្រ័ត្រ បោះអង្គុញ បោះឈូង លាក់កន្សែង តំបន់ត្រជាក់ ជាដើម។សម្រាប់ពេលយប់មានការប្រគំតន្ត្រីរាំលេខកម្សាន្ត និងកម្មវិធីសិល្ប:ផ្សេងៗជាច្រើនទៀត។
សូមបញ្ជាក់ថា ចំពោះសន្តិសុខសណ្ដាប់ធ្នាប់ គឺរដ្ឋបាលខេត្តបានបំពាក់កាមេរ៉ាសុវត្ថិភាពតាមវិថីនានា ដើម្បីធានាជូយដល់កងកម្លាំង និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋដោយសុវត្ថិភាព នៅតាមគោលដៅរៀងៗខ្លួន៕














