សង្គម

ហ្លួងម៉ែ ប្រោសព្រះរាជទានព្រះរាជសារជូន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ​ ​

image


ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ សព្វព្រះរាជហឫទ័យ ប្រោសប្រទានព្រះរាជសារលិខិតថ្លែងអំណរគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ញើសារថ្វាយព្រះអង្គ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស. ២០២៥។

​យោងតាមព្រះរាជសារលិខិតឡាយព្រះហស្ដលេខាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ សម្តេចព្រះមហាក្សត្រី​ បានមានព្រះសវនីយ៍ថា ហ្លួងម៉ែមានសេចក្តីសោមនស្សរីករាយចំពោះលិខិតថ្វាយព្រះពរដ៏ល្អប្រពៃ និងផ្កាដ៏ល្អស្រស់ នៅក្នុង ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ ហើយសូមសំដែង នូវអំណរគុណដ៏ជ្រាលជ្រៅចំពោះយុត្តិធម៌ដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ដល់ហ្លួងម៉ែ ក្នុងការបម្រើប្រជាជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។

ជាមួយគ្នានេះ ហ្លួងម៉ែ ក៏បានសព្វព្រះរាជហឫទ័យសរសើរដ៏កក់ក្តៅជាទីបំផុត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អ្នកដឹកនាំដ៏ឆ្នើម និងសកម្មមួយរូបដែល បានលះបង់កម្លាំងកាយ ចិត្ត ថវិកាផ្ទាល់ខ្លួន និងពេលវេលាដើម្បីដោះស្រាយសេចក្តីត្រូវការរបស់ប្រជារាស្ត្រ កសាងសមិទ្ធផលក្នុងពុទ្ធចក្រ និងអាណាចក្រដើម្បីជាឧត្តមប្រយោជន៍ជាតិ មាតុភូមិឱយបានកាន់តែល្អ ប្រសើរឡើង៕