ករណីអគ្គិភ័យនៅបឹងសាឡាង បណ្តាលមកពីឆ្លងចរន្តអគ្គិសនី

ភ្នំពេញ៖ សិប្បកម្មផលិតស្បែកជ្រូកមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោង ៩:៣០នាទីព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅចំណុចដីតឡូតិ៍លេខ២៥ ផ្លូវមាត់ប្រឡាយ ភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយនៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១៤២គ្រឿង។
ចំពោះប្រភេទសំណង់ខាងលើនេះ ជាប្រភេទដែកប្រក់ស័ង្កសី ទំហំ (៣៤ម៉ែត្រ x ២៤ម៉ែត្រ) ឆេះឃ្លាំងដែកប្រក់ស័ង្កសីចំនួន ១ឃ្លាំង រួមទាំងសម្ភារអស់ទាំងស្រុង ហើយបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះល្វែង ៤ជាន់ចំនួន ១លែ្វង ខូចខាតអស់៤០%, ផ្ទះល្វែងជាន់ផ្ទាល់ដីស្តុកកង្ហារចំនួន ១ល្វែង ខូចខាតអស់៥០% និងឆេះផ្ទះល្វែងជាន់ផ្ទាល់ដីចំនួន ១លែ្វង ខូចខាតអស់១០%។ ករណីអគ្គិភ័យនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ២:០០នាទីរសៀលនាថ្ងៃខែឆ្នាំដដែរ។
ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនីបង្ករជាអគ្គិភ័យ បានបណ្តាលឲ្យមនុស្សប្រុសចំនួន ៣នាក់រងរបួស (របួសស្រាល២នាក់/របួសធ្ងន់ ១នាក់) ជាក្រុមជំនួយស្ម័គ្រចិត្ត៕
អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា


















