រមណីយដ្ឋានដូងទេ នៃខេត្តកំពត ទាក់ទាញទេសចរច្រើននៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី

កំពត៖ ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទោះបីជាមានភ្ញៀងធ្លាក់ច្រើនក៏ដោយ ក៏រមណីយដ្ឋានដូងទេខេត្តកំពត នៅតែស្រូបទាញភ្ញៀវទេសចរបានយ៉ាងច្រើនកុះករទៅលេងកម្សាន្ត។ ដូងទេ មានទេសភាពស្អាត អនាម័យបរិស្ថានល្អ ម្ហូបអាហារឆ្ងាញ់ និងមានកម្មភាពកម្សាន្តលើទឹកច្រើន ហើយគ្រប់សេវាកម្មល្អប្រសើរ និងមានតម្លៃសមរម្យ។
ភ្ញៀវទេសចរមកពីខេត្តកែប និងស្វាយរៀង បានលើកឡើងថា រមណីយដ្ឋានដូងទេ រៀបចំបានស្អាត មានអនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់ល្អ មានកន្ហែងផ្ញើរថយន្ត ម៉ូតូ សមរម្យ ពិសេសមានកងកម្លាំង និងឆ្មាំការពារសន្តិសុខ និងសុវត្ថិភាព សម្រាប់ក្មេង និងទេសចរលេងកម្សាន្តកីឡានៅលើដងព្រែកទៀតផង។ ទីនោះសម្បូរទៅដោយម្ហូបអាហារឆ្ងាញ់ៗ មានអនាម័យរិស្ថានស្អាត ទេសភាពដងព្រែកក៏ស្អាត ព្រមទាំងសេវាកម្មល្អប្រសើរ និងតម្លៃវិញក៏សមរម្យ។
អាជីវករលក់ដូរនៅតូបតាមផ្លូវចូលរមណីយដ្ឋានដូងទេ បានឱ្យដឹងថា រយៈពេលពីរថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ ភ្ញៀវទេសចរមកលេងដូងទេច្រើន ចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៨យប់ ហើយការលក់ដូររបស់ពួកគាត់ ក៏ដាច់គួរសមដែរ។ អាជីវករបានបន្តថា បើភ្ញៀវទេសចរចង់ទទួលទានផ្លែឈើធម្មជាតិពិតៗ អាចទៅកម្សាន្តនៅដូងទេ ហើយមិនថាថ្ងៃធម្មតា ឬថ្ងៃបុណ្យទានទេ គឹលក់ក្នុងតម្លៃដដែលមិនដំឡើងថ្លៃទេ។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា រមណីយដ្ឋាន ដូងទេ ជាគោលដៅទេសចរណ៍សំខាន់មួយរបស់ខេត្តកំពត ភ្ញៀវភាគច្រើនទៅលេងខេត្តកំពត តែងតែទៅលេងតំបន់ទឹកឈូ រមណីយដ្ឋានទឹកធ្លាក់តាដា រមណីយដ្ឋានទឹកឈូ ពិសេសរមណីយដ្ឋានដូងទេតែម្តង។ មិនថាថ្ងៃបុណ្យទាន ឬថ្ងៃធម្មតាទេ រមណីយដ្ឋានដូងទេ តែងតែមានប្រជាប្រិយភាព និងមានភាពទាក់ទាញភ្ញៀវទេសចរបានច្រើនជាងគេ៕
អត្ថបទ៖ វង្ស សុធារម្យ

















