តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ច្រកល្អៀងខេត្តពោធិ៍សាត់ ជាគោលដៅនៃអ្នកទេសចរក្នុង និង ក្រៅខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំ២០២៥នេះ

ពោធិ៍សាត់៖ ក្នុងចំណោមតំបន់ទេសចរណ៍នានា ក្នុងខេត្តពោធិ៍សាត់សរុបជាង២០កន្លែងក្នុងនោះតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ច្រកល្អៀង ជាតំបន់ទេសចរណ៍ធម្មជាតិមួយកន្លែងឋិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានចម្ងាយជាង៧៣គ.ម ពីទីរួមខេត្តពោធិ៍សាត់ និងមានចម្ងាយជាង ៤១គ.ម ពីទីរួមស្រុកក្រគរ និងមានចម្ងាយជាង ១៩៥គ.មពីរាជធានីភ្នំពេញ។
តំបន់ទេសចរណ៍មួយនេះ តែងតែទាក់ទាញភ្លៀវទេសចរ មកពីគ្រប់ទិសទីក្នុង និង ក្រៅខេត្ត ឱ្យមកទស្សនាកម្សាន្ត ដែលមានចំនួនច្រើនលើសលប់ បើប្រៀបធៀបនិងតំបន់ទេសចរណ៍នានាក្នុងខេត្តពោធិ៍សាត់ ដែលអាចនិយាយបានថា ជាតំបន់ទេសចរណ៍គោលដៅនៃអ្នកទេសចរណ៍ នេះបើតាមប្រសាសន៍របស់លោក មីលីរីយ៉ា សុវត្ថិធី ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់។
លោកប្រធានមន្ទីរ បានឱ្យដឹងផងដែរថា ក្នុងរយ:ពេល ២ថ្ងៃគឺ (១៤ និង១៥) ខែមេសា ជាថ្ងៃបុណ្យចូលឆ្នាំថ្មី ខេត្តពោធិ៍សាត់ ទទួលបានភ្ញៀវទេសចរ មកកម្សាន្តតាមតំបន់ទេសចរណ៍នានាក្នុងខេត្តសរុបមានចំនួន ១០០.១៦៥ នាក់ ក្នុងនោះ ភ្ញៀវបរទេសមានចំនួន ៤៩នាក់។
ដោយឡែកនៅតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ច្រកល្អៀងរយ:ពេល២ថ្ងៃ (ថ្ងៃទី១៤ និង១៥) ភ្ញៀវទេសចរណ៍មកកម្សាន្តមានជាង ១៤.០០០នាក់ ហើយនៅថ្ងៃទី១៦ ខែមេសា ដែលជាថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីនេះ តាមការពិនិត្យទិដ្ឋភាពជាក់ស្តែង ភ្ញៀវទេសចរ និងមានការកើនឡើង។
ប្រធានសហគមន៍តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ច្រកល្អៀង លោក មូល ណែន បានឱ្យដឹងផងដែរថា តំបន់ទេសចរណ៍នេះមានចំនួន១១ដំណាក់ ដែលមានប្រវែងជាង ១.៥០០ម៉ែត្រ ជាអំណោយផលល្អ សម្រាប់ភ្លៀវទេសចលេងកម្សាន្ត៕
អត្ថបទ៖ សេង ប៊ុនធឿន











