លោកដូណាល់ត្រាំព្រមានដកខ្លួនចេញពីវិបត្តិសង្គ្រាមអ៊ុយក្រែន ប្រសិនបើនៅតែមិនមានដំណោះស្រាយ
សហរដ្ឋអាម៉េរិក៖ នៅថ្ងៃសុក្រម្សិលមិញ ប្រធានាធិបតីអាម៉េរិកលោកដូណាល់ ត្រាំ បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងការិយាល័យសេតវិមានថា សហរដ្ឋអាម៉េរិកអាចនឹងត្រូវបង្ខំចិត្តដកខ្លួនចេញពីវិបត្តិសង្គ្រាមអ៊ុយក្រែន ប្រសិនបើដំណើរការចរចាសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែន នៅតែមិនអាចទទួលបានលទ្ធផលវិជ្ជមានដូចពេលបច្ចុប្បន្ន។
ការអត្ថាធិប្បាយរបស់លោកដូណាល់ត្រាំនេះ ធើ្វឡើងនៅប៉ុន្មានម៉ោងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក Marco Rubio បានព្រមានថា សហរដ្ឋអាម៉េរិកនឹងបោះបង់ចោលបេសកកម្មស្វែងរកសន្តិភាពនៅអ៊ុយក្រែន លុះត្រាតែមានសញ្ញាវឌ្ឍនភាពច្បាស់លាស់ពីដំណើរការចរចាគ្នាភាគីរុស្ស៊ីនិងអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
ជុំវិញរឿងនេះ លោក Rubio បាននិយាយដូច្នេះថា "អាម៉េរិកនឹងមិនបន្តខិតខំដោយពុំមានលទ្ធផលបែបនេះរហូតនោះទេ ពីព្រោះអាម៉េរិកមានរឿងរ៉ាវផ្ទាល់ខ្លួនជាច្រើនដែលត្រូវដោះស្រាយ"។
ការបញ្ជាក់ជំហររបស់រដ្ឋមន្រ្តីការបរទេសអាម៉េរិករូបនេះ ធើ្វឡើងក្រោយពីរុស្ស៊ីបានបន្តការវាយប្រហារផ្លូវវអាកាសទ្រង់ទ្រាយធំលើអ៊ុយក្រែន និងបានធើ្វឱ្យមនុស្សស្លាប់និងរបួសជាច្រើនសឹបនាក់នៅក្នុងទីក្រុង Kharkiv និង Sumy នៃភាគឦសានប្រទេសក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ ទន្ទឹមគ្នានឹងការសម្រុកតាមផ្លូវគោករបស់ទាហានរុស្ស៊ីនៅតាមតំបន់សមរភូមិភាគខាងប្រទេសអ៊ុយក្រែនកំពុងបន្តមានសន្ទុះយ៉ាងសន្សឹមៗ។
នៅពេលត្រូវបានអ្នកកាសែតចោទសួរអំពីស្ថានភាពកិច្ចព្រមព្រៀងរវាងរុស្ស៊ីនិងអ៊ុយក្រែន លោកដូណាល់ត្រាំបានបង្វែរប្រធានបទមកពាក់ព័ន្ធអំពីស្ថានការណ៍សង្គ្រាមបង្ហូរឈាមគ្នារវាងរុស្ស៊ីនិងអ៊ុយក្រែន និងបានបញ្ជាក់ឡើងវិញពីបំណង់របស់លោកក្នុងការបញ្ចប់វិនាសកម្មសង្គ្រាមមួយនេះ ប៉ុន្តែលោកបានសង្កត់ធ្ងនថា ប្រសិនបើភាគីណាមួយនៅតែបង្កការលំបាកក្នុងដំណើរការស្វែងរកសន្តិភាពនេះ នោះវាជារឿងគួរឱ្យសោកស្តាយសម្រាប់ប្រជាជាតិអ៊ុយក្រែននិងរុស្ស៊ី ពីព្រោះអាម៉េរិកអាចនឹងត្រូវដកខ្លួនចេញពីវិបត្តិសង្គ្រាមមួយនេះ៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ BBC News