សង្គម

រដ្ឋាភិបាលចិនលើកទឹកចិត្តដល់សហគ្រិន និងក្រុមហ៊ុនចិនកាន់តែច្រើនមកវិនិយោគនៅកម្ពុជា បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតី ស៊ី ជីនពីង

image


ភ្នំពេញ៖ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ នៅក្នុងស្ថានទូតចិន នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ នេះ លក វ៉ាង វិនពីន បានឲ្យដឹងថា រដ្ឋាភិបាលចិនលើកទឹកចិត្តដល់ក្រុមហ៊ុន និងសហគ្រាសចិន ឱ្យវិនិយោគនៅក្នុងប្រទេសកម្ពុជា ខណៈដែលពង្រីកការនាំចូលផលិតផលកសិកម្មពីកម្ពុជាឲ្យកាន់តែច្រើនថែមទៀតចូលទីកាន់ទីផ្សារចិន។


ការលើកបែបនេះរបស់លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ២ថ្ងៃប្រកបដោយជោគជ័យរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើដំណើរវិលទៅកាន់មាតុប្រទេសវិញ កាលពីថ្ងៃទី១៨ ខែមេសា ម្សិលមិញនេះ។


លោក វ៉ាង វិនពីន បានបញ្ជាក់ពីការបន្តគាំទ្រគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា រួមមានផ្នែកដឹកជញ្ជូន, ឡូជីស្ទិក, ប្រព័ន្ធស្រោយស្រព និងប្រព័ន្ធធារាស្ត្រ រួមទាំងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ រំពឹងថា នឹងចូលរួមលើកកម្ពស់ការតភ្ជាប់, ពន្លឿនការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនង និងការធ្វើពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាពនិងភាពងាយស្រួលរវាងកម្ពុជាទៅកាន់តំបន់នានា ដែលជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ខ្លួន។


លើសពីការដឹកជញ្ជូន គម្រោងនេះ រួមបញ្ចូលការគ្រប់គ្រងធនធានទឹក ប្រព័ន្ធធារាសាស្រ្ត និងកសិកម្ម ដែលមានចក្ខុវិស័យឆ្ពោះទៅមុខ ហើយត្រូវបានរំពឹងថានឹងបង្កើនផលិតភាពកសិកម្មតាមបណ្តោយខ្សែផ្លូវទឹកមួយនេះ។ បន្ថែមពីនេះ វាក៏នឹងជំរុញការធ្វើសមាហរណកម្មនៃវិស័យសំខាន់ៗ នៅទូទាំងកម្ពុជា ទៅកាន់តំបន់ និងពិភពលោក ជាអាទិ៍រួមមាន៖ ឧស្សាហកម្ម, កសិកម្ម, ភស្តុភារកម្ម, និងវិស័យកំពង់ផែ។


ទន្ទឹមនេះដែរ លោក​ វ៉ាង វិនពីន ក៏បានសន្យាលើកទឹកចិត្តក្រុមហ៊ុន និងសហគ្រាសចិន ឱ្យធ្វើការវិនិយោគនៅកម្ពុជា និងពង្រីកការនាំចូលផលិតផលកសិកម្មពីកម្ពុជាថែមទៀត។ ភាគីទាំងពីរ បានឯកភាពផងដែរក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ និងមានសក្តានុពល ដូចជា អប់រំ ទេសចរណ៍ កសិកម្មទំនើប ការតភ្ជាប់សេដ្ឋកិច្ចឌីជីថល និងបញ្ញាសិប្បនិម្មិត (AI)។


ភាពជាដៃគូនេះត្រូវបានពង្រឹងដោយគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) របស់ប្រទេសចិន ដែលនាំទៅដល់ការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា ផ្លូវថ្នល់ ផ្លូវដែក ស្ពាន និងរោងចក្រថាមពល ដែលជួយពង្រឹងការតភ្ជាប់ និងសមត្ថភាពសេដ្ឋកិច្ចរបស់កម្ពុជា។ ក្រៅពីហេដ្ឋារចនាសម្ព័ន្ធ ក្រុមហ៊ុនចិន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញវិស័យទេសចរណ៍ ឧស្សាហកម្ម និងកសិកម្មរបស់កម្ពុជា។


ការកើនឡើងនៃការវិនិយោគរបស់ចិននេះ បានឆ្លុះបញ្ចាំងពីភាពជាដៃគូសេដ្ឋកិច្ចដែលកំពុងវិវត្ត និងកាន់តែខ្លាំងឡើងរវាងទីក្រុងភ្នំពេញ និងទីក្រុងប៉េកាំង។ ទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ដែលសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) គឺជាកត្តាចម្បងដែលលើកទឹកចិត្តដល់អ្នកវិនិយោគចិនកាន់តែច្រើនមកកម្ពុជាផងដែរ។


យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា នៅឆ្នាំ ២០២៤ ការនាំចេញរបស់កម្ពុជា ទៅប្រទេសចិន មានទំហំទឹកប្រាក់ ១,៧៥ពាន់លានដុល្លារ កើនឡើង ១៨,៤% ខណៈដែលប្រទេសកម្ពុជា នាំចូលពីប្រទេសចិនត្រឡប់មកវិញ មានតម្លៃទឹកប្រាក់ ១៣,៣៣ពាន់លានដុល្លារ កើនឡើង ២៤,៦% បើធៀបកាលពីឆ្នាំ ២០២៣។


លើសពីនេះ ការវិនិយោគរបស់ចិននៅក្នុងប្រទេសកម្ពុជា បានកើនឡើងដល់ចំនួនសរុប ៣១ពាន់លានដុល្លារ ចន្លោះពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ២០២៤ ដែលបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រជាជាតិទាំងពីរ។ ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ប្រទេសចិនបានក្លាយទៅជាអ្នកវិនិយោគដ៏ធំ និងមានឥទ្ធិពលបំផុតមួយរបស់កម្ពុជា ដែលជំរុញឱ្យមានការរីកចម្រើនលើវិស័យសំខាន់ៗ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ ផលិតកម្ម ថាមពល និងកសិកម្ម។


អត្ថបទ៖​ ចេង ឆហួត រូបភាព៖​ អេង សុគុណ