ចំនួនភ្ញៀវទេសចរនៅសហរដ្ឋអាម៉េរិកធ្លាក់ចុះខ្លាំង ដោយសារនយោបាយតម្លើងពន្ធរបស់លោកដូណាល់ត្រាំ
សហរដ្ឋអាម៉េរិក៖ បើយោងតាមរបាយការណ៍របស់សមាគមទេសចរណ៍សហរដ្ឋអាម៉េរិកបានបង្ហាញថា ភ្ញៀវទេសចរបរទេសជាច្រើនបាននាំគ្នាលុបចោលគម្រោងដំណើរកម្សាន្តមកកាន់សហរដ្ឋអាម៉េរិក ខណៈដែលស្ថានការណ៍សង្គ្រាមពាណិជ្ជកម្មសកលកំពុងតែមានភាពតានតឹងខ្លាំង ដោយសារតែនយោបាយតម្លើងពន្ធគយរបស់លោកដូណាល់ត្រាំ ដែលញាំងឱ្យតួលេខភ្ញៀវទេសចរសម្រាប់ខែមីនាកន្លងទៅ បានធ្លាក់ចុះប្រហែល ១២% បើធៀបទៅនឹងឆ្នាំ ២០២៤។
គួរជម្រាបថា វិស័យទេសចរណ៍ត្រូវបានគេចាត់ទុកជាឧស្សាហកម្មគ្មានផ្សែងមួយដែលរួមចំណែកសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកឱ្យឈរនៅលើលំដាប់កំពូលរបស់ពិភពលោក ខណៈវិស័យនេះបានបង្កើតប្រាក់ចំណូលសរុបប្រមាណ ១៣០០ពាន់លានដុល្លារសម្រាប់ប្រទេសមហាអំណាចមួយនេះក្នុងមួយឆ្នាំៗ និងបានជួយផ្តល់ការងារសម្រាប់ពលរដ្ឋសរុបជាង ១៥លាននាក់។
ជុំវិញវិស័យមួយនេះ បើតាមទិន្នន័យពីរដ្ឋបាលពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាម៉េរិកបានបង្ហាញថា ការធ្លាក់ចុះនេះមួយផ្នែកធំ គឺដោយសារតែការថមថយចំនួនភ្ញៀវទេសចរមកពីតំបន់អាម៉េរិកកណ្តាល និងអឺរ៉ុប ជាពិសេសសម្រាប់ភ្ញៀវទេសចរមកពីប្រទេសអាល្លឹម៉ង់និងអេស្ប៉ាញ ដែលមានធ្លាក់ចុះខ្លាំងជាងគេ ចាប់ពី ២៥% ដល់ ២៨%។
គួរកត់សម្គាល់ថា តួលេខខាងលើនេះ នៅមិនទាន់រាប់បញ្ចូលភ្ញៀវទេសចរមកពីប្រទេសកាណាដា ដែលជាប្រភពទេសចរណ៍អន្តរជាតិដ៏ធំបំផុតរបស់សហរដ្ឋអាម៉េរិកនៅឡើយទេ ខណៈបើយោងតាមរបាយការណ៍របស់សមាគមទេសចរណ៍អាម៉េរិកធ្លាប់បង្ហាញថា មានភ្ញៀវទេសចរកាណាដាសរុបប្រមាណ ២០លាននាក់តែងធើ្វដំណើរមកកម្សាន្តនៅសហរដ្ឋអាម៉េរិកជារៀងរាល់ឆ្នាំៗ និងបានជួយបង្កើតប្រាក់ចំណូលសម្រាប់ពលរដ្ឋអាម៉េរិកសរុបជាង ២០ពាន់លានដុល្លារ។
តែយ៉ាងណាក្តី បើក្រឡេកមើលស្ថានភាពជាក់ស្តែងក្នុងរយៈពេលចុងក្រោយនេះ គេបានរកឃើញថា ចំនួនភ្ញៀវទេសផ្លូវគោកពីប្រទេសកាណាដាមកកាន់សហរដ្ឋអាម៉េរិក គឺបានថយចុះប្រហែល ៣២% ស្របពេលចំនួនអ្នកដំណើរដែលចាកចេញពីសហរដ្ឋអាម៉េរិកតាមជើងហោះហើរផ្លូវអាកាសវិញ ក៏មានការធ្លាក់ចុះខ្លាំងប្រមាណ ១៣% ខណៈដែលការថយចុះនេះត្រូវបានគេមើលឃើញថា ដោយសារតែមានយុទ្ធនាការក្នុងស្រុករបស់ប្រទេសកាណាដា ដែលជំរុញឱ្យពលរដ្ឋរបស់ខ្លួនងាកមកកម្សាន្តនិងប្រើប្រាស់របស់របរក្នុងប្រទេស ជំនួសឱ្យផលិតផលរបស់អាម៉េរិក ដើម្បីបង្ហាញការប្រឆាំងនឹងនយោបាយតម្លើងពន្ធគយរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect