សង្គម

គ្រោះថ្នាក់ណាស់! សមត្ថកិច្ចបង្ក្រាបបានសាច់ក្រកជាង ៤០០គីឡូក្រាម និងសត្វចង្រិតជិត ១០០០គីឡូក្រាម ដែលឈ្មួញនាំចូលពីប្រទេសជិតខាង

image


ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយ នាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ( ក.ប.ប) រាជធានីភ្នំពេញ ធ្វើការបង្ក្រាប សាច់ក្រក ចំនួន ៩កេស ស្មើនឹង ៤៥០គីឡូក្រាម និងសត្វចង្រិតដូង ចំនួន១០កេស ស្មើនឹង ៤០០គីឡូក្រាម និងចង្រិតធម្មតា ចំនួន១១កេស ស្មើនឹង ៥៥០គីឡូក្រាម ដែលខូចគុណភាព សរុបចំនួន ៣០កេស ស្មើនឹង ១៤០០គីឡូក្រាម។​

ប្រតិបត្តិការបង្ក្រាបនេះ​បានធ្វើឡើងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ដោយកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំបង្ក្រាបដោយ លោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយ ក.ប.ប. រាជធានីភ្នំពេញ ដែលគ្មានឯកសារបញ្ជាក់ពីប្រភពច្បាស់លាល់ និងមិនអនុលោមភាពផ្នែកបទដ្ឋានព័ត៌មានលក្ខខ័ណ្ឌតម្រូវម្ហូបអាហារ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។

លោកវរសេនីយ៍ទោ ម៉ៅ សុទ្ធាគុណ នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឱ្យដឹងថា មន្ត្រីជំនាញបានតាមដានស្រាវជ្រាវបង្រ្កាបការនាំចូលនូវផលិតផលខូចគុណភាពទាំងនេះ ដែលឈ្មួញដឹកតាមរថយន្តម៉ាក Ssang Young មកពីប្រទេសថៃ មកចែកចាយនៅរាជធានីភ្នំពេញ។ បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និង ក.ប.ប. រាជធានីភ្នំពេញ កំពុងបន្តនីតិវិធីយកទៅបំផ្លាញចោល។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ ចូលរួមទប់ស្កាត់រាល់បទល្មើសនាំចូលម្ហូបអាហារធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។ ទន្ទឹមនេះ កម្លាំងជំនាញ បន្តស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាបរាល់នាំចូលផលិតផលគ្មានគុណភាព គ្មានសុវត្ថិភាព ដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ៕