ព័ត៌មានអន្តរជាតិ

លោកត្រាំ នៅតែបញ្ជាក់ថាលោកបាននិយាយគ្នាជាមួយលោកស៊ីជីនពីង ប៉ុន្តែបដិសេធមិនផ្ដល់ព័ត៌មានលម្អិតភ្លាមៗទេ

image


សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ (Donald Trump) កាលពីថ្ងៃសុក្រ បានរៀបរាប់ថា លោកបាននិយាយគ្នាជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) ជាច្រើនដងហើយ ប៉ុន្តែលោកមិនបានបញ្ជាក់ថា តើនៅពេលណាដែលថ្នាក់ដឹកនាំទាំងពីរបាននិយាយគ្នាចុងក្រោយ ឬប្រធានបទអ្វីដែលភាគីទាំងពីរបានពិភាក្សាគ្នានោះទេ ។


ជុំវិញសំណួរថាតើលោកបាននិយាយគ្នាជាមួយលោកស៊ី (Xi) ចាប់តាំងពីលោកបានអនុម័តវិធានការពន្ធគយឬយ៉ាងណា លោកត្រាំ (Trump) បានប្រាប់ទៅកាន់អ្នកយកព័ត៌មានថា «ខ្ញុំមិនចង់ធ្វើការអត្ថាធិប្បាយលើរឿងនេះទេ ប៉ុន្តែខ្ញុំបាននិយាយទៅកាន់គាត់ជាច្រើនដងហើយ» ។


លោកត្រាំ បានអត្ថាធិប្បាយយ៉ាងដូច្នេះភ្លាមៗ ក្រោយពេលទស្សនាវត្ដី TIME បានចុះផ្សាយអត្ថបទសម្ភាសន៍មួយ ដែលដកស្រង់សម្ដីរបស់ប្រធានាធិបតីត្រាំថា លោកស៊ីជីនពីង បានទូរសព្ទមកកាន់លោក។ នៅពេលអ្នកសារព័ត៌មាន សួរចង់ឱ្យលោកលម្អិតអំពីអ្វីដែលលោកបាននិយាយនោះ លោកត្រាំ បានឆ្លើយតបថា «លោកនឹងផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតនៅពេលក្រោយ» ។


នៅក្នុងបទសម្ភាសន៍ដដែលនោះ លោកត្រាំ និយាយថា សហរដ្ឋអាម៉េរិកកំពុងពិភាក្សាជាមួយប្រទេសចិន ដើម្បីធ្វើកិច្ចព្រមព្រៀងលើបញ្ហាពន្ធគយ។ ទោះជាបែបណាក្ដី ចិនបានបដិសេធថា ការចរចាពាណិជ្ជកម្ម មិនបានកើតឡើងនោះទេ ។


គួររម្លឹកឡើងវិញថា នៅមុនពេលលោកត្រាំ ចាកចេញពីសេតវិមានទៅកាន់បុរីវ៉ាទីកង់ ក្នុងទីក្រុងរ៉ូម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធសម្ដេចប៉ាប លោកត្រាំ ក៏បានលើកឡើងដែរថា សហរដ្ឋអាម៉េរិក មានភាពជិតស្និទ្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសជប៉ុន ហើយលោកបន្ថែមថា អ្វីៗកំពុងតែដំណើរការយ៉ាងរលូនពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយបណ្ដាប្រទេសផ្សេងៗទៀត ៕


ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ Reuters/ AP/ NYTIMES