មនុស្សជាង ៤០០នាក់រងរបួសក្នុងហេតុការណ៍ផ្ទុះឆេះដ៏សាហាវនៅឯកំពង់ផែ Bandar Abbas ក្នុងប្រទេសអ៊ីរ៉ង់

អ៊ីរ៉ង់៖ យោងតាមមន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឱ្យដឹងថា មនុស្សរាប់រយនាក់បានទទួលរងរបួស បន្ទាប់ពីកើតមាននូវហេតុការណ៍ផ្ទុះ និងអគ្គីភ័យដ៏ធំមួយស្ថិតនៅឯកំពង់ផែបានដារអាប់បាស់ (Bandar Abbas) ប្រទេសអ៊ីរ៉ង់ ដែលមានចម្ងាយជាង ១,០០០ គីឡូម៉ែត្រពីភាគខាងត្បូងរដ្ឋធានីតេហ៍រ៉ង់ (Tehran) ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយនាថ្ងៃសៅរ៍នេះ អាជ្ញាធរគយអ៊ីរ៉ង់ បាននិយាយថា ហេតុការណ៍ផ្ទុះនេះ បានកើតឡើងនៅក្នុងបរិវេណនៃទីធ្លាផ្ទុកកុងតឺន័រស៊ីណា (Sina) ដែលជាផ្នែកមួយរបស់កំពង់ផែ និងអង្គការដែនសមុទ្ររបស់អ៊ីរ៉ង់ ។
ដោយរាយការណ៍ចេញពីទីក្រុងតេហ៍រ៉ង់ អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារ Al Jazeera បានរាយការណ៍ដោយដកស្រង់ចេញពីប្រព័ន្ធផ្សព្វផ្សាយថា នៅក្នុងហេតុការណ៍នេះ បានបណ្ដាលឱ្យមនុស្ស ៤០៦ នាក់ទទួលរងរបួស។ អាជ្ញាធរមូលដ្ឋាន បញ្ជាក់ថា អ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះជាបន្ទាន់នៅឯមន្ទីរពេទ្យ ។
ទន្ទឹមនឹងនោះ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា របាយការណ៍បឋម បង្ហាញថា ករណីនេះបានកើតចេញពីការធ្វេសប្រហែសជាមួយនឹងការរក្សាទុកសម្ភារៈដែលងាយឆាបឆេះនៅក្នុងទីតាំងនោះ។ វីដេអូខ្លះ បានបង្ហាញឱ្យឃើញពីការខូចខាតយានជំនិះ, អគារ រួមទាំងបង្ហាញពីមនុស្សរងរបួសជាដើម ។
បន្ថែមពីនេះ អាជ្ញាធរបញ្ជាក់ថា ស្ថានីយប្រេងនៅក្បែរនោះមិនទទួលរងនូវផលប៉ះពាល់នោះទេ ស្របពេលក្រុមហ៊ុនចម្រាញ់ និងចែកចាយប្រេងជាតិអ៊ីរ៉ង់ បានបញ្ជាក់ផងដែរថា ឧបទ្ទវហេតុផ្ទុះឆេះនេះ មិនមានឥទ្ធិពលលើហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹងប្រេង ដូចជារោងចក្រចម្រាញ់ ឬបំពង់បង្ហូរប្រេងនោះទេ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Al Jazeera
រូបភាព៖ Various Sources







