ព័ត៌មានជាតិ

សន្និបាតរបស់យុវជនគណបក្សប្រជាជនកម្ពុជាបានអំពាវនាវដល់សមាជិក សមាជិកាយុវជន និងយុវជនកម្ពុជាគ្រប់ទិសទី សូមបន្តរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីសម្រេចសមិទ្ធផលធំៗថ្មីៗទៀត

image



អង្គសន្និបាតរបស់យុវជនគណបក្ស ប្រជាជនកម្ពុជាបានអំពាវនាវដល់សមាជិក សមាជិកាយុវជនគណបក្សគ្រប់រូប និងយុវជន កម្ពុជា គ្រប់ទិសទី សូមបន្តរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីសម្រេចសមិទ្ធផលធំៗថ្មីៗទៀត ក្នុងការកសាង និង ការពារមាតុភូមិកម្ពុជា ឆ្ពោះទៅរកអនាគតដ៏រុងរឿង លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និង អភិវឌ្ឍន៍ ពិសេសយុវជនគណបក្ស ត្រូវពង្រឹងតួនាទីឱ្យកាន់តែសកម្មថែមទៀតលើការងារបំផុសចលនា យុវជនឱ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្ត របស់យុវជនគណបក្សប្រជាជនកម្ពុជាដែលបានចេញនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥នេះ។


ក្រៅពីនេះ អង្គសន្និបាតរបស់យុវជនគណបក្ស ប្រជាជនកម្ពុជាបានប្តេជ្ញាការពារដាច់ខាតនូវសន្តិភាព ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី និងការពារ សម្តេចតេជោប្រធានគណបក្ស និង សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលជាស្នូលដឹកនាំ និងជាសសរទ្រូងដ៏រឹងមាំរបស់គណបក្ស និងប្រទេសជាតិ ដោយកម្ចាត់ចោលនូវរាល់នយោបាយ និង សកម្មភាពជ្រុលនិយមគ្រប់រូបភាព ដែលប៉ុនប៉ងបំផ្លាញសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា និងរាំងស្កាត់ ការជ្រៀតជ្រែករបស់អមិត្តពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។


សូមជំរាបថា សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្ត របស់យុវជនគណបក្ស ប្រជាជនកម្ពុជា បានប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ (ពេញមួយថ្ងៃ) នៅទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា(វិមាន ៧មករា) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល។ សមាសភាពចូលរួមក្នុងសន្និបាត រួមមាន តំណាងគណៈកម្មាធិការគណបក្សក្រសួង ស្ថាប័ន រាជធានី ខេត្ត ថ្នាក់ដឹកនាំ សមាជិក សមាជិកា អង្គការចាត់តាំងយុវជនគណបក្សចាប់ពីថ្នាក់កណ្តាល រហូតដល់ ថ្នាក់ក្រុង ស្រុក ខណ្ឌ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សតាមបណ្តាប្រទេស និងទ្វីប ក្រុមជំនួយការយុវជនគណបក្សថ្នាក់កណ្តាល និងអង្គការយុវជនគាំទ្រគណបក្ស សរុបចំនួន ៣៦១១រូប។


នៅក្នុងរយៈពេលពេញមួយថ្ងៃនេះ អង្គសន្និបាតបានពិភាក្សា និងអនុម័តរបាយការណ៍ បូកសរុប លទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្ត របស់យុវជនគណបក្សប្រជាជនកម្ពុជា ព្រមទាំងបាន ជ្រួតជ្រាបយ៉ាងស៊ីជម្រៅនូវមតិដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ដែលបានផ្តល់នូវ អនុសាសន៍សំខាន់ៗដល់យុវជនគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក ទាំងក្នុង និងក្រៅប្រទេស ឱ្យបន្តយកចិត្ត ទុកដាក់ខ្ពស់លើការងារមួយចំនួន ដើម្បីជំរុញការយល់ដឹងឱ្យកាន់តែច្បាស់ស៊ីជម្រៅ និងអនុវត្តប្រកប ដោយប្រសិទ្ធភាព។ អង្គសន្និបាតបានសម្តែង នូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសមាជិក សមាជិកាយុវជន គណបក្សគ្រប់រូប និងយុវជនកម្ពុជាគ្រប់ទិសទី ដែលមានការជឿជាក់ និងគាំទ្រយ៉ាងមុតមាំដល់ការ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជារយៈពេល ៤៦ឆ្នាំ កន្លងមកនេះ ធ្វើឱ្យគណបក្សមានលទ្ធភាព ពេញលេញក្នុងការបម្រើជាតិ និងប្រជាជនសម្រេចបានលទ្ធផលល្អប្រសើរគ្រប់ផ្នែក៕

អត្ថបទ៖ ហ៊ន សុភ័ក្រ