ព័ត៌មានអន្តរជាតិ

លោកត្រាំនិងលោកហ្សេលែនស្គី ជួបជជែកគ្នាក្នុងបុរីវ៉ាទីកង់ ដើម្បីស្វែងរកសន្តិភាពនៅអ៊ុយក្រែន

image


បុរីវ៉ាទីកង់៖ អំឡុងចូលរួមគោរពវិញ្ញាណក្ខន្ធសម្ដេចសង្ឃកាតូលិកប៉ាបហ្វ្រង់ស៊ីស (Pope Francis) ស្ថិតនៅឯបុរីវ៉ាទីកង់ ក្នុងទីក្រុងរ៉ូម (Rome) ប្រទេសអ៊ីតាលី ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) និងមេដឹកនាំអ៊ុយក្រែន លោក វ្លូឌីមៀរ ហ្សេលែនស្គី (Volodymyr Zelenskiy) បានជួបគ្នាជាលក្ខណៈឯកជនកាលពីថ្ងៃសៅរ៍ ។


ថ្នាក់ដឹកនាំទាំងពីរ បានធ្វើការជជែកពិភាក្សាគ្នាអស់រយៈពេលប្រមាណជា ១៥នាទី ដើម្បីព្យាយាមចាប់ផ្ដើមនៅក្នុងកិច្ចការចរចាស្ដារសន្តិភាពឡើងវិញ ក្រោមគោលបំណងដើម្បីបញ្ចប់សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ដែលបន្តអូសបន្លាយអស់រយៈពេលរាប់ឆ្នាំមកហើយ ។


ទន្ទឹមនឹងនោះ មេដឹកនាំអ៊ុយក្រែន លោកហ្សេលែនស្គី (Zelenskiy) មានប្រសាសន៍ថា កិច្ចប្រជុំនេះ អាចនឹងក្លាយទៅជាជំនួបជាប្រវត្តិសាស្ត្រ ប្រសិនបើវាជួយនាំមកនូវសន្តិភាពដល់ប្រទេសរបស់លោក។ ស្របពេលអ្នកនាំពាក្យសេតវិមាន បាននិយាយថា «នេះជាការពិភាក្សាមួយដែលប្រកបទៅដោយផលិតភាព» ។


យោងតាមការិយាល័យរបស់លោកហ្សេលែនស្គី (Zelenskiy) ដែលចេញផ្សាយរូបថតនៃកិច្ចប្រជុំនោះ បានបង្ហាញថា មេដឹកនាំទាំងពីរ អង្គុយនៅជិតគ្នាក្នុងព្រះវិហារសេនផេតធ័របាស៊ីលីកា (St. Peter’s Basilica) ដោយគ្មានជំនួយការនៅជិតនោះទេ ។


គួររម្លឹកថា កិច្ចប្រជុំនៅបុរីវ៉ាទីកង់នាពេលនេះ ជាលើកទីមួយរបស់មេដឹកនាំទាំងពីរ ចាប់តាំងពីជំនួបដ៏តឹងសរសៃក នៅឯការិយាល័យអូវ៉ល (Oval) ក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីខែកុម្ភៈ ហើយជំនួបនេះ បានកើតមានឡើងនៅក្នុងពេលវេលាដ៏សំខាន់មួយក្នុងការចរចាគ្នា សំដៅបញ្ចប់ជម្លោះបង្ហូរឈាមរវាងអ៊ុយក្រែននិងរុស្ស៊ី ៕


ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ Various Sources