សង្គម

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ “រដ្ឋាភិបាល និងសហជីព មិនមែនជាសត្រូវនឹងគ្នាទេ យើងជាគ្រួសារតែមួយ “

image

អត្ថបទ ៖ ហ៊ន សុភ័ក្រ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "រាជរដ្ឋាភិបាល និងសហជីព មិនមែនជាសត្រូវនឹងគ្នាទេ ដូច្នេះ ត្រូវរួមគ្នាដោះស្រាយវិវាទផ្សេងៗជាមួយគ្នា ដោយឈរលើផលប្រយោជន៍រួម ឈ្នះ ឈ្នះ ទាំងអស់គ្នា គិតថា យើងជាគ្រួសារតែមួយ យើងត្រូវរួមគ្នា ដើម្បីបង្កើតបរិស្ថានការងារ វិនិយោគឲ្យកើនឡើង ដើម្បីផ្ទះយើង"។

នេះជាការថ្លែងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ជាង៥ពាន់នាក់ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ។


សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា "។ចំពោះវិវាទការងារ សូមកុំឱ្យមានជនទី៣លូកដៃចូលធ្វើឱ្យរាំងស្ទះដល់ការដោះស្រាយ។ ចំណែក អង្គការ ឬសហជីពត្រូវធ្វើជាតំណាងរបស់កម្មករនិយោជិត និងអនុវត្តទៅតាមច្បាប់ និងវិជ្ជាជីវៈដែលបានអនុលោម កុំឱ្យមានការពាក់ព័ន្ធទៅរឿងផ្សេង"។


សម្តេចបវរធិបតី បានបញ្ជាក់ដែរថា "រាជរដ្ឋាភិបាលនឹងបន្តជំរុញឱ្យមានផែនការសកម្មភាពកាន់តែបុរេសកម្ម និងច្រើនថែមទៀតពាក់ព័ន្ធនឹងការលើកកម្ពស់សមត្ថភាព, ទំនួលខុសត្រូវរបស់ថ្នាក់ដឹកនាំអង្គការ វិជ្ជាជីវៈចំពោះសមាជិករបស់ខ្លួន, និងការយល់ដឹងអំពីលក្ខខណ្ឌការងារ, សិទ្ធិសេរីភាព, និងអត្ថប្រយោជន៍នានារបស់ភាគីពាក់ព័ន្ធ ដើម្បីភាគីនីមួយៗអាចបំពេញតួនាទីជាតំណាងសមាជិក របស់ខ្លួនបានកាន់តែល្អ និងមានវិជ្ជាជីវៈ ដោយឈរលើមូលដ្ឋានច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន"៕