មន្ត្រីរុស្ស៊ី៖ រុស្ស៊ីមានសិទ្ធិប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើខ្លួនរងនូវការវាយប្រហារពីប្រទេសលោកខាងលិច

មូស្គូ, រុស្ស៊ី៖ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី កាលពីប៉ុន្មានថ្ងៃមុន មន្ត្រីសន្តិសុខកំពូល លោក ស៊ើហ្គី សយហ្គ៊ូ (Sergei Shoigu) បាននិយាយថា រុស្ស៊ីមានសិទ្ធិក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងករណីដែលប្រទេសនេះ ទទួលរងនូវការឈ្លានពានពីសំណាក់ប្រទេសលោកខាងលិច ។
លោកសយហ្គ៊ូ (Shoigu) បានធ្វើការអត្ថាធិប្បាយយ៉ាងដូច្នេះកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ នៅស្របពេលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ (Donald Trump) រួមជាមួយនឹងអនុប្រធានាធិបតី លោក ជេឌី វែន (JD Vance) បានព្រមានថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងឈប់ព្យាយាមជួយអ៊ុយក្រែនដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាព ប្រសិនបើកិច្ចចរចាមិនដំណើរការទៅមុខក្នុងពេលឆាប់ៗនេះទេ។ ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករា លោកត្រាំ (Trump) បានព្យាយាមជំរុញអ៊ុយក្រែនឱ្យឈានទៅរកបទឈប់បាញ់មួយ និងបន្ធូរបន្ថយសម្ពាធលើប្រទេសរុស្ស៊ី នៅក្នុងសង្គ្រាមដែលចាប់ផ្ដើមតាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ។
លោកសយហ្គូ (Shoigu) ដែលជារដ្ឋមន្ត្រីការពារជាតិរុស្ស៊ីអស់រយៈពេលជាច្រើនឆ្នាំ ហើយឥឡូវនេះកំពុងដឹកនាំក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានរៀបរាប់ដោយសំដៅទៅលើការផ្លាស់ប្តូរដែលបានធ្វើឡើងចំពោះគោលនយោបាយនុយក្លេអ៊ែររបស់រុស្ស៊ី ដែលអនុម័តដោយប្រធានាធិបតីពុទីន កាលពីខែវិច្ឆិកា ឆ្នាំមុន។
លោកបានបញ្ជាក់ថា នៅក្នុងគោលនយោបាយដែលបានធ្វើបច្ចុប្បន្នភាពនោះ នឹងអនុញ្ញាតឱ្យរុស្ស៊ីអាចចាប់ផ្តើមការវាយប្រហារនុយក្លេអ៊ែរ ប្រសិនបើខ្លួន ប្រឈមមុខនឹងការគំរាមកំហែងធ្ងន់ធ្ងរណាមួយ និងសូម្បីតែពីការវាយប្រហារមិនមែនជាអាវុធនុយក្លេអ៊ែរលើរុស្ស៊ីផ្ទាល់ ឬលើបេឡារុស្ស ដែលជាប្រទេសជិតខាងនិងជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតមួយរបស់រុស្ស៊ី ។
លោកសយហ្គូ (Shoigu) និយាយថា ប្រសិនបើប្រទេសផ្សេងទៀត ធ្វើសកម្មភាពដែលគំរាមកំហែងដល់សុវត្ថិភាព ឬព្រំដែនរបស់រុស្ស៊ី នោះរុស្ស៊ីក៏នឹងមានសិទ្ធិក្នុងការឆ្លើយតបជាមួយនឹងវិធានការណាមួយ ដែលខ្លួនមើលឃើញថាស័ក្ដិសម ដើម្បីបញ្ឈប់សកម្មភាពឈ្លានពានទាំងអស់នោះ និងរារាំងសកម្មភាពទាំងនោះមិនឱ្យកើតឡើងម្តងទៀតនោះទេ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Bangkok Post/ Reuters
រូបភាព៖ Various Sources



