សង្គម

អភិបាលខេត្តកំពង់ធំ ចុះពិនិត្យមើលការខូចខាតលំនៅដ្ឋានប្រជាពលរដ្ឋចំនួន ៦៣ខ្នង ដែលរងការខូចខាត និងប៉ះពាល់ បណ្ដាលមកពីភ្លៀង និងខ្យល់កន្ត្រាក់ នៅស្រុកបារាយណ៍

image


កំពង់ធំ៖ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងក្រុមការងារ នៅព្រឹកថ្ងៃទី២៧ ខែមេសា ២០២៥នេះ បានចុះពិនិត្យមើលការខូចខាតលំនៅដ្ឋានប្រជាពលរដ្ឋចំនួន៦៣ខ្នង ដែលរងការខូចខាត និងប៉ះពាល់ បណ្ដាលមកពីភ្លៀង និងខ្យល់កន្ត្រាក់ នៅក្នុង០៥ភូមិ ក្នុងឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។


លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានមានប្រសាសន៍ថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ និងព្រួយបារម្ភអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយសម្តេច បានណែនាំឱ្យលោកមកជួបជាមួយប្រជាពលរដ្ឋដោយផ្ទាល់ ដែលរងគ្រោះដោយភ្លៀង និងខ្យល់កន្ត្រាក់ ព្រោះទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាចុះជួយដល់មូលដ្ឋាន។

ជាមួយនឹងការសោកស្តាយលើការខូចខាតបណ្តាលមកពីភ្លៀង និងខ្យល់កន្ត្រាក់ ដែលបានធ្វើឲ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋរបើកដំបូល និងរលំ លោក បានលើកទឹកចិត្តដល់គ្រួសារដែលរងគ្រោះដោយផ្សារភ្លៀង និងខ្យល់កន្ត្រាក់ឱ្យមានស្មារតីរឹងមាំ និងប្រកបមុខរបរបន្តទៀត ដើម្បីចិញ្ចឹមគ្រួសារឱ្យលក្ខណៈល្អប្រសើរ។


ក្នុងឱកាសនោះ លោក ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ពេលមានភ្លៀង និងខ្យល់កន្ត្រាក់ សូមមានការប្រុងប្រយ័ត្ន និងរកទីកន្លែងណាមានសុវត្ថិភាព ដើម្បីកុំឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វ ព្រោះកត្តាធម្មជាតិបង្កឡើងទីតាំងណាកន្លែងណានោះនោះទេ។


សូមរម្លឹកថា កាលពីវេលាម៉ោង១៥ និង៣០នាទី នៅថ្ងៃទី២៦ ខែមេសាឆ្នាំ២០២៥ មានភ្លៀង និងខ្យល់កន្ត្រាក់បានវាយប្រហារទៅលើតំបន់ឃុំចុងដូង បង្កឱ្យមានការខូចខាតដំបូលផ្ទះប្រជាពលរដ្ឋចំនួន៦៣ខ្នង និងខូចខាតអស់ទាំងស្រុងចំនួន១០ខ្នង មានចំនួន០៥ភូមិគឺ ភូមិខ្សាច់ល្អិតប៉ះពាល់ផ្ទះ៤៦ខ្នង ភូមិគូប៉ះពាល់ផ្ទះ០៣ខ្នង ភូមិចុងដូងប៉ះពាល់០៥ខ្នង និងភូមិទួលសាលាប៉ះពាល់០៥ខ្នង និងភូមិសំរោងប៉ះពាល់ចំនួន០៤ខ្នងផ្ទះ ដោយពុំមានប៉ះពាល់អាយុជីវិតមនុស្ស សត្វនោះឡើយ។


សូមបញ្ជាក់ដែរថា គ្រួសារដែលរងគ្រោះដោយភ្លៀង នឹងខ្យល់កន្ត្រាក់ក្នុងមួយគ្រួសារទទួលបានអំណោយពីកាកបាទក្រហមរួមមាន អង្ករ០១បេ មី០១កេស ត្រីខ០១យួរ ទឹកស៊ីអ៊ីវ០១យួរ ទឹកត្រី០១យួរ តង់០១ និងថវិកា៤០ម៉ឺនរៀល សម្រាប់អ្នកដែលរលំទាំងស្រុង២គ្រួសារទទួលបានថវិកា៤០ម៉ឺនរៀល អ្នកដែលប៉ះពាល់ដំបូលទទួលបាន២០ម៉ីនរៀល រលំទាំងស្រុងទទួលបានបាន៤០ម៉ឺនរៀល អ្នកប៉ះពាល់បានថវិកា ១០ម៉ឺនរៀលផងដែរ៕


អត្ថបទ៖ ថាវរី