ព័ត៌មានជាតិ

រុក្ខជាតិ«កេសរកូលព្រះទ្រហឹង» នៅប្រទេសកម្ពុជា​ ជាប្រភេទកេសរកូលកម្រ​ និងធំជាងគេលើសកលលោក

image


សៀមរាប៖​ រុក្ខជាតិ«កេសរកូលព្រះទ្រហឹង» ជាប្រភេទកេសរកូលធំជាងគេលើសកលលោក កំពុងតែរីកជាលើកទី៣ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អានភ្នំគូលែន នៅក្នុងភូមិសាស្រ្តឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម «ភ្នំគូលែន» ខេត្តសៀមរាប។


ក្រុមការងារស្រាវជ្រាវ នៃនាយកដ្ឋានជីវៈចម្រុះ របស់ក្រសួងបរិស្ថាន បានកំពុងធ្វើការស្រាវជ្រាវ និងអភិរក្សកេសរកូលព្រៃនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន។ កេសរកូលព្រះទ្រហឹង មានឈ្មោះវិទ្យាសាស្ត្រថា Grammatophyllum speciosum និងឈ្មោះជាភាសាអង់គ្លេសថា Giant Orchid, Tiger Orchid, The Sugar Cane Orchid គឺ ជាកេសរកូលធំជាងគេលើសកលលោក ហើយវាជាប្រភេទកេសរកូលព្រៃដ៏កម្រមួយរបស់ខ្មែរ ដែលធ្លាប់បានជួបប្រទះមានដុះ នៅតំបន់ជួរភ្នំក្រវាញនៃខេត្តកោះកុង និងតំបន់ជួរភ្នំដងរែក នៃខេត្តព្រះវិហារ និងខេត្តសៀមរាប។ គេហៅកំណត់ថាវាធំជាងគេលើសកលលោក ព្រោះតាមការកត់ត្រា កេសរកូលប្រភេទនេះ អាចមានទំងន់រហូតដល់ទៅ ២តោន ក្នុងមួយគុម្ព ហើយអាចមានកក្ពស់ចាប់ពី​ ០,៥ម៉ែត្រ​ ទៅ៣ម៉ែត្រ និងមានទងផ្កាអាចមានប្រវែង២ម៉ែត្រ និងចំនួនផ្ការហូតដល់ទៅ៧០០០ផ្កាក្នុង១គុម្ព ដោយក្នុងមួយទងផ្កាអាចមានផ្កាចំនួនចាប់ពី៨០ ទៅ១០០ផ្កា។ កេសរកូលប្រភេទនេះកម្រចេញផ្កាណាស់ ហើយផ្កាអាចរីកបានរយៈពេលពី២ទៅ៣ខែ។


កេសរកូលព្រះទ្រហឹង​ ត្រូវបានយកមកដាំនៅក្នុងសួនកេសរកូលព្រៃនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខ អាន ភ្នំគូលែន នាខែតុលា ឆ្នាំ២០១៨ ហើយបានចេញផ្កាលើកទី១នៅខែមេសា និងឧសភា ឆ្នាំ២០២១ ដែលមានចំនួន​ ១ទងផ្កា លើកទី២​ នៅខែមេសា ឆ្នាំ២០២៤​ចំនួន​១ទងផ្កា និងបច្ចុប្បន្ន ក្នុងខែមេសា ឆ្នាំ២០២៥។
កេសរកូលព្រះទ្រហឹង បាននិងកំពុងចេញផ្កាជាលើកទី៣​ដែលមានចំនួនរហូតដល់ទៅ​ ៥ទងផ្កា។ នេះបានបញ្ជាក់ថាសួនកេសរកូលព្រៃនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល​ សុខ អាន ភ្នំគូលែន បានបង្កើតជាមជ្ឈដ្ឋានសមស្របសម្រាប់ការរស់នៅរបស់កេសរកូលព្រៃប្រភេទនេះ៕