ករណីឆេះ សាលមហោស្រពខេត្តតាកែវ មិនបណ្តាលឲ្យមានអ្នករបួសទេ តែបានបំផ្លាញសាលអាយុកាលជិត ៦០ឆ្នាំ នៅសល់តែគ្រោងឆ្អឹង

តាកែវ៖ បើតាមមន្ត្រីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ បានឲ្យដឹងថា សាលមហោស្រពខេត្តតាកែវ ដែលត្រូវបានអគ្គិសភីឆាបឆេះនៅសល់តែគ្រោងនេះ បានសាងសង់ឡើងអំឡុងឆ្នាំ ១៩៦៨ គិតរហូតមកដល់ឆ្នាំ ២០២៥ នេះ គឺមានអាយុកាលចំនួន ៥៧ឆ្នាំមកហើយ។
យោងតាមការបញ្ជាក់ពី មន្ទីរព័ត៌មានខេត្តតាកែវ មុននេះបន្តិច ពោលករណីអគ្គិសភីនេះកើតឡើងនាវេលាម៉ោងប្រមាណម៉ោង៨និហ៤០នាទី ហើយគ្រប់គ្រងបានទាំងស្រុងនៅម៉ោង៩ព្រឹក នាថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥។
លោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការនគរបាលក្រុងដូនកែវ បានអោយដឹងថា មុនពេលកើតហេតុ គឺខាងមជ្ឈមណ្ឌលភាសាអង់គ្លេសអភិវឌ្ឍន៍បញ្ញា-IDEA ធ្វើកម្មវិធីប្រគល់សញ្ញាប័ត្រទៅអោយកូនសិស្សជាង ១៤០នាក់ នៅពេលកំពុងចាប់ផ្តើមកម្មវិធីរាំរបាំជូនពរនោះ ក៏ស្រាប់តែមានភ្លើងឆាប់ឆេះចេញពីដំបូលខាងលើ នឹងបានធ្វើឲ្យលោកគ្រូអ្នកគ្រូនិងសិក្សានុសិស្សដែលត្រៀមទទួលសញ្ញាបត្រមានការភ្ញាក់ផ្អើលឆោឡោ និងរត់ចេញមកខាងក្រៅទាន់ពេលវេលាទើបមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់លោកគ្រូអ្នកគ្រូ ឬសិស្សានុសិស្សដែលមកទទួលសញ្ញាបត្រឡើយ។
លោកអធិការនគរបាលក្រុងដូនកែវ បានបញ្ជាក់ថា ចំពោះការខូចខាតអគ្គីភ័យបានឆេះបំផ្លាញសម្ភារៈទាំងស្រុងនៅក្នុងបរិវេណមហោស្រពខេត្តតាកែវ គឺនៅសល់តែកំណាត់មាត់ច្រកចូលពីខាងមុខតែប៉ុណ្ណោះ។
ដោយឡែក លោកវរសេនីយ៍ឯក ហ៊ុន ហែម នាយការិយាល័យពន្លត់អគ្គីភ័យខេត្ត បានអោយដឹងថាចំពោះរថយន្តពន្លត់អគ្គីភ័យ ដែលមកជួយអន្តរាគមន៍ពន្លត់ភ្លើងឆាប់ឆេះមហោស្រពនេះ គឺបានឡានទឹកចំនួន ៧គ្រឿង ឡានរបស់ ស្នងការដ្ឋាននគរបាលខេត្តកែវ ចំនួន ២គ្រឿង ឡាននគរបាលស្រុកទ្រាំងចំនួន ០១គ្រឿង ឡានទឹកស្រុកត្រាំកក់ចំនួន ០១គ្រឿង ឡានទឹកស្រុកសំរោង ចំនួន ០១គ្រឿង ឡានទឹកស្រុកព្រៃកប្បាស ចំនួន ០១គ្រឿង និងឡានទឹកនៅឡឥដ្ឋ ចំនួន ០១គ្រឿង៕
អត្ថបទ៖ ងុង សាន់




