មនុស្ស៩នាក់ស្លាប់ ក្រោយរថយន្តបើកបុករះហ្វូងមនុស្សក្នុងពិធីបុណ្យរបស់ពលរដ្ឋហ្វីលីពីន នៅទីក្រុង Vancouver ប្រទេសកាណាដា

កាណាដា៖ មន្ត្រីនគរបាលក្នុងតំបន់ បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន៩នាក់បានស្លាប់ បន្ទាប់ពីមានរថយន្តមួយគ្រឿងបានបើកទៅបុករះហ្វូងមនុស្សដែលកំពុងតែស្ថិតនៅឯពិធីបុណ្យមួយរបស់ពលរដ្ឋហ្វីលីពីន ក្នុងទីក្រុងវ៉ាន់ខូវ័រ (Vancouver) ប្រទេសកាណាដា ។
យោងតាមការបញ្ជាក់ពីអាជ្ញាធរ បានឱ្យដឹងបន្ថែមថា ឧបទ្ទវហេតុនេះ បានកើតឡើងនៅចន្លោះម៉ោង៨យប់ថ្ងៃសៅរ័ (ប្រហែលម៉ោង១០ព្រឹកនៅកម្ពុជា) ក្នុងសង្កាត់ហ្វ្រាស័រ (Fraser) ទីក្រុង Vancouver អំឡុងមនុស្សម្នាមកពីសហគមន៍ហ្វីលីពីន កំពុងតែជួបជុំគ្នាដើម្បីប្រារព្ធទិវារំម្លឹកជ័យជម្នះ(ថ្ងៃទី២៧ ខែមេសា) របស់ឥស្សរជន Lapu Lapu ។
ពិធីបុណ្យនេះ គឺជាការរម្លឹកដល់មេដឹកនាំប្រឆាំងអាណានិគមបរទេសនៅហ្វីលីពីនកាលពីសតវត្សទី១៦ ដែលធ្វើឡើងនៅថ្ងៃចុងសប្ដាហ៍ នៅមុនពេលកាណាដារៀបចំព្រឹត្តិការណ៍បោះឆ្នោតរបស់ខ្លួន ។
ជុំវិញហេតុការណ៍នេះ អាជ្ញាធរបានចាប់ខ្លួនជនសង្ស័យវ័យ៣០ឆ្នាំមួយរូប ដោយអាជ្ញាធរធានាដល់សាធារណជនថានេះមិនមែនជាករណីភេរវកម្មនោះទេ។ បន្ថែមពីនេះ នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខាណេយ (Mark Carney) បានផ្ញើសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ និងសហគមន៍ហ្វីលីពីននៅក្នុងប្រទេសកាណាដា ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ AFP on MSN





