ព័ត៌មានអន្តរជាតិ

គណបក្សប្រឆាំងជ្រើសរើសលោក Lee Jae-myung ឱ្យធ្វើជាបេក្ខភាពដណ្ដើមតំណែងប្រធានាធិបតីកូរ៉េខាងត្បូង

image


កូរ៉េខាងត្បូង៖ កាលពីចុងសប្ដាហ៍កន្លងទៅ គណបក្សប្រជាធិបតេយ្យកូរ៉េខាងត្បូង ដែលជាបក្សប្រជែងដ៏ធំមួយរបស់កូរ៉េខាងត្បូង បានជ្រើសរើសលោកលី ចេម្ញុង (Lee Jae-myung) ឱ្យធ្វើជាបេក្ខភាពរបស់គណបក្សសម្រាប់ចូលរួមបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៣ ខែមិថុនា ។

លោកលី (Lee) ដែលធ្លាប់ដឹកនាំគណបក្សប្រឆាំង និងទទួលបានសំឡេងគាំទ្រច្រើននៅក្នុងការស្ទង់មតិមួយបើធៀបនឹងគូប្រជែងមកពីគណបក្សកាន់អំណាចដែលនឹងជ្រើសរើសបេក្ខភាពឱ្យចូលរួមនៅថ្ងៃទី៣ ខែឧសភា ។

នៅក្នុងសន្ទរកថាមួយបន្ទាប់ពីទទួលបានការជ្រើសរើសឱ្យធ្វើជាបេក្ខភាពដណ្ដើមតំណែងប្រធានាធិបតី លោកលី (Lee) មានប្រសាសន៍ថា «លោកមិនត្រឹមតែឈរឈ្មោះសម្រាប់គណបក្សប្រឆាំងតែមួយប៉ុណ្ណោះទេ ប៉ុន្តែលោកតំណាងឱ្យអ្នករាល់គ្នាដែលចង់ផ្លាស់ប្ដូរជម្លោះនយោបាយនាពេលកន្លងមក ព្រមទាំងចង់ជម្នះបញ្ហាប្រឈម និងបង្កើតប្រទេសដែលមានសាមគ្គីភាពនិងភាពសប្បាយរីករាយជាងមុន» ។

លោកក៏បានរៀបរាប់ជាបន្តទៀតថា «លោកនឹងពង្រឹងវិស័យការពារជាតិរបស់កូរ៉េខាងត្បូង, និងប្រឹងប្រែងធ្វើការដើម្បីឱ្យប្រទេសនេះក្លាយជាអ្នកដឹកនាំឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់, បង្កើននូវការផ្សព្វផ្សាយឱ្យកូរ៉េក្លាយជាមហាអំណាចវប្បធម៌ និងធ្វើជាប្រទេសគំរូផ្នែកប្រជាធិបតេយ្យជាដើម ។

គួររម្លឹកថា លោកលី (Lee) បានចាញ់ឆ្នោតនៅឆ្នាំ ២០២២ ដែលកាលនោះលោក យុន ស៊ុកយុល (Yoon Suk-Yeol) ទទួលបានជ័យជម្នះ ប៉ុន្តែនៅដើមខែនេះ លោកយុន ត្រូវតុលាការធម្មនុញ្ញសម្រេចដកចេញពីតំណែងប្រធានាធិបតី បន្ទាប់លោកបានប្រកាសច្បាប់អាជ្ញាសឹកក្នុងរយៈពេលខ្លីកាលពីចុងឆ្នាំ ២០២៤។ ខាងលើនេះ ជាឱកាសសម្រាប់អ្នកនយោបាយវ័យ ៦១ឆ្នាំ លោកលី (Lee) ចូលរួមប្រកួតប្រជែងដណ្ដើមយកតំណែងកំពូល ដើម្បីបញ្ចេញស្នាដៃដឹកនាំប្រទេសវិញម្ដង ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ AP