ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីកាណាដា ប្តេជ្ញាតតាំងជាមួយអាម៉េរិកលើឆាកសង្គ្រាមពាណិជ្ជកម្ម

image


កាណាដា៖ ស្របពេលការបោះឆ្នោតសហព័ន្ធរបស់ប្រទេសកាណាដាកំពុងត្រូវបានគេធើ្វឡើងនៅថ្ងៃចន្ទ ទី ២៨ ខែមេសានេះ នាយករដ្ឋមន្ត្រីកាណាដា និងជាមេដឹកនាំនៃគណបក្សសេរីនិយមហៅកាត់ថា LPC លោក Mark Carney បានថ្លែងប្តេជ្ញាចិត្តនឹងបន្តតតាំងជាមួយសហរដ្ឋអាម៉េរិកលើបញ្ហាសង្គ្រាមពាណិជ្ជកម្ម ខណៈលោកបានរិះគន់ប្រធានាធិបតីអាម៉េរិកលោកដូណាល់ត្រាំ ថាបានក្បត់សម្ព័ន្ធភាពជាមួយកាណាដា និងបានធើ្វឱ្យស្ថានភាពសេដ្ឋកិច្ចពិភពលោកប្រឈមនឹងការដួលរលំ។

ថ្លែងក្នុងទឹកមុខក្រៀមក្រំទៅកាន់ពលរដ្ឋក្នុងសហគមន៍មួយនៅទីក្រុង Vancouver ក្រោយពីមានហេតុការណ៍រថយន្តបុករង្គាលដ៏រន្ធត់មួយបណ្តាលឱ្យមនុស្សយ៉ាងតិច ១១នាក់បាត់បង់ជីវិតកាលពីថ្ងៃអាទិត្យម្សិលមិញ លោក Mark Carney បានបន្តលើកឡើងថា "ទំនាក់ទំនងជាប្រវត្ដិសាស្រ្តដ៏យូរអង្វែងរវាងកាណាដានិងសហរដ្ឋអាម៉រិក ត្រូវបានបញ្ចប់ដោយសារនយោបាយរបស់លោកដូណាលត្រាំ" ហើយលោកពិតជាមានការសោកស្តាយបំផុត ប៉ុន្តែនេះជាអ្វីដែលពលរដ្ឋកាណាដាត្រូវទទួលស្គាល់ និងហ៊ានប្រឈមមុខនឹងបរិបទសេដ្ឋកិច្ចថ្មី ដែលពុំមានអាម៉េរិកជាបង្អែករឹងមាំដូចកាលពីមុន។

លោក Mark Carney ក៏បន្តបន្តសម្តែងការរំលែកទុក្ខចំពោះក្រុមគ្រួសារជនរងគ្រោះ ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍រថយន្តបុករង្គាលកាលពីថ្ងៃម្សិលមិញ និងបានជំរុញឱ្យពលរដ្ឋកាណាដាចូលរួមជាមួយលោកដើម្បីបង្ហាញសាមគ្គីភាពក្នុងនាមប្រជាជាតិមួយដ៏រឹងមាំ។

គួរជម្រាបថា គណបក្សសេរីនិយម LPC របស់លោក លោក Mark Carney ត្រូវបានគេមើលឃើញថា ជាគណបក្សកាន់អំណាចដែលមានប្រជាប្រិយភាពនាំមុខគេអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែបើតាមលទ្ធផលស្ទង់ប្រជាមតិរយៈពេលចុងក្រោយនេះ បានបង្ហាញពីការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ស្របពេលពលរដ្ឋកាណាដាកាន់តែច្រើនកំពុងយកចិត្តទុកដាក់ខ្លាំងលើបញ្ហាតម្លៃទំនិញលើទីផ្សារដែលកំពុងកើនឡើងខ្ពស់ ដោយសារបញ្ហាសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក។

បើតាមការស្ទង់មតិកាលពីថ្ងៃអាទិត្យកន្លងទៅបានបង្ហាញថា មានពលរដ្ឋកាណាដាសរុបប្រហែល ៤៣% គាំទ្រគណបក្សជាតិសេរីនិយម ខណៈប្រហែល ៣៩%ផ្សេងទៀត គឺគាំទ្រគណបក្សអភិរក្សនិយម៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect