ផលិតផលកសិកម្ម ៥មុខនៅខេត្តកែប កំពុងកែច្នៃវេចខ្ចប់ លក់ទៅកាន់ទីផ្សារក្នុង និងក្រៅប្រទេស

កែប៖ ដាំដុះលើផ្ទៃដីជាង ៩០ហិកតា ដំណាំកសិកម្មចម្រុះជាច្រើនប្រភេទ រួមទាំងឈើខ្លឹម កំពុងហុចផលត្រឡប់មកវិញ ដំណាំសក្តានុពលទាំងនោះមាន ម្រេច ក្រូច ម្ទេស រមៀត ខ្ញី ជាដើម។ ក្នុងនោះដំណាំកសិកម្មដែលមានសក្តានុពលចំនួន ៥មុខ កំពុងត្រូវបានកែច្នៃ វេចខ្ចប់នៅហ្នឹងកន្លែង ដើម្បីលក់ចេញទៅកាន់ទីផ្សាក្នុងស្រុក និងក្រៅស្រុកផងដែរ។
លោក មុំ ដែន អ្នកគ្រប់គ្រងកសិដ្ឋានបេប៊ីបឺត ស្ថិតនៅតាមតំបន់ភ្នំវល្លិ ក្នុងសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បានឲ្យដឹងនាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះថា បច្ចប្បន្ននេះកសិដ្ឋានកំពុងវេចខ្ចប់នូវផលិតផលកសិកម្មចំនួន ៥មុខ ដើម្បីធ្វើការផ្គត់ផ្គង់លើទីផ្សារ និងការនាំចេញ ក្នុងនោះមាន ម្រេច ម្សៅល្មៀត ម្សៅខ្ញី ម្ទេសក្រៀម និងទឹកឃ្មុំ ហើយក្នុងនោះកសិដ្ឋានក៏កំពុងដំណើរការឯកសារផងដែរ ក្នុងការនាំចេញផលិតផលវេចខ្ចប់ទាំងនេះទៅកាន់ទីផ្សារប្រទេសចិន និងអាម៉េរិកជាដើម។
លោកបន្តថា សម្រាប់ដំណាំម្រេចជាប្រភេទម្រេច GI កាលពី ឆ្នាំ២០២៤ យើងទទួលបានទិន្នផលប្រមាណ៦តោន ដាំលើផ្ទៃដី ៤ហិកតា ក្រោយសម្ងួតរួចយើងទទួលបានម្រេចស្ងួតជាង ៣តោន ដោយឡែកឆ្នាំនេះយើងរំពឹងខ្ពស់ថា ទិន្នផលម្រេចស្ងួតនឹងកើនឡើងអាចរហូតដល់ ៥តោនសម្រាប់នាំចេញ។ ដោយឡែកផលិតផលវេចខ្ចប់ផ្សេងទៀតមាន ម្សៅល្មៀត ម្សៅខ្ញី ម្រេសក្រៀម កាលឆ្នាំកន្លងទៅយើងលក់ចេញបានប្រមាណ ៧០០គ.ក ដោយឡែកឆ្នាំនេះ នឹងរំពឹងដែរថាអាចទទួលបានទិន្នផលខ្ពស់ដើម្បីនាំចេញដូចម្រេចដែរ។
លោកគូសបញ្ជាក់ថា សម្រាប់កសិដ្ឋាននេះរាល់ដំណាំដែលដាំបាន មិនបារម្ភពីទីផ្សារនោះទេ ខ្លាចតែមិនអាចមានគ្រប់ទៅតាមតម្រូវការរបស់អតិថិជន។
គួរបញ្ជាក់ថា កន្លងទៅរដ្ឋបាលខេត្តកែប ក៏ដូចជាមន្ទីរជំនាញ ធ្លាប់បានចុះមកពិនិត្យដំណើរការដាំដុះ និងវេចខ្ចប់នូវផលិតផលកសិកម្មរបស់កសិដ្ឋាននេះដែរ ក្នុងនោះលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប លើកទឹកចិត្តខ្ពស់ ឲ្យម្ចាស់ទីតាំងខាងលើបន្តប្រឹងប្រែងបង្កើននូវផលិតផលសម្រេចរបស់ខ្លួនដែលផលិតបាននៅលើទឹកដីខេត្តកែប ដើម្បីផ្គតផ្គង់ទីផ្សារក្នុងស្រុកកាត់បន្ថយការនាំចូល និងជំរុញការនាំចេញនៅកាន់ទីផ្សារអន្តរជាតិ៕
អត្ថបទ៖ ង៉ុង សាន់







