គណបក្សកាន់អំណាចនៅសិង្ហបុរី ព្យាយាមរក្សាប្រជាប្រិយមុនបោះឆ្នោត ស្របពេលបក្សប្រឆាំងហាក់កំពុងមានសន្ទុះកាន់តែខ្លាំង
សិង្ហបុរី៖ ប្រជាជនសិង្ហបុរី នឹងទៅបោះឆ្នោតនៅថ្ងៃសៅរ៍ (ទី៣ ខែឧសភា) ខណៈបញ្ហាចម្បងនៅក្នុងការបោះឆ្នោតនេះ គឺទាក់ទងនឹងលំនៅដ្ឋាន, តម្លៃរស់នៅ និងផលប៉ះពាល់ផ្នែកពន្ធគយរបស់សហរដ្ឋអាម៉េរិកជាដើម។ គណបក្សសកម្មភាពប្រជាជន ហៅកាត់ថា PAP ដែលជាគណបក្សកំពុងកាន់អំណាចនៅសិង្ហបុរី មានគោលបំណងពង្រឹងគោលជំហររបស់ខ្លួននៅក្នុងរដ្ឋាភិបាល ស្របពេលគណបក្សនេះ កំពុងតែប្រឈមនឹងសម្ពាធកើនឡើងពីគណបក្សប្រឆាំង រួមទាំងការអំពាវនាវពីប្រជាជនមួយចំនួនចង់ឱ្យមានសំឡេងគណបក្សប្រឆាំងកាន់តែច្រើនមានវត្តមាននៅក្នុងសភា ។
នេះគឺជាការបោះឆ្នោតជាលើកដំបូងសម្រាប់នាយករដ្ឋមន្ត្រី ឡូរិនវង់ (Lawrence Wong) ដែលបានក្លាយជាមេដឹកនាំរបស់គណបក្ស PAP នៅខែឧសភា ឆ្នាំ ២០២៤ ដោយចូលកាន់តំណែងបន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីដ៏យូរអង្វែង លោក លី សៀនឡុង (Lee Hsien Loong) ។
ស្របពេលគេរំពឹងថា គណបក្ស PAP នឹងឈ្នះអាសនៈភាគច្រើន ដូចដែលគណបក្សនេះធ្លាប់ទទួលបាន ចាប់តាំងពីសិង្ហបុរី ក្លាយជាប្រទេសឯករាជ្យក្នុងឆ្នាំ ១៩៦៥ អ្នកឃ្លាំមើលឯណោះវិញ កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ ថាតើគណបក្សនេះ នឹងទទួលបានភាគរយនៃការគាំទ្រសរុបប៉ុន្មាននៅក្នុងការបោះឆ្នោតខាងមុខនេះ ជាពិសេសបន្ទាប់ពីធ្លាក់ចុះសំឡេងមកនៅត្រឹម ៦១% នៅឆ្នាំ ២០២០ ខណៈកាលពីឆ្នាំ ២០១៥ គណបក្ស PAP មានសំឡេងគាំទ្រប្រមាណជា ៧០% ។
លោកស្រី គីឡាន កុះ (Gillian Koh) អ្នកស្រាវជ្រាវជាន់ខ្ពស់មកពីមហាវិទ្យាល័យគោលនយោបាយសាធារណៈ លី ក្វាន់យូ (Lee Kuan Yew) នៃសកលវិទ្យាល័យជាតិសិង្ហបុរី (NUS) មានប្រសាសន៍ថា «ការត្រួតត្រាដោយគណបក្សតែមួយក្នុងរយៈពេលយូរ អាចនាំឱ្យមានការមិនពេញចិត្ត»។
ទន្ទឹមនឹងនេះ សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី ប្រឈមមុខនឹងបញ្ហាផងដែរ ដោយសារតែប្រទេសនេះពឹងផ្អែកខ្លាំងលើពាណិជ្ជកម្មរបស់ខ្លួនជាមួយប្រទេសផ្សេង រួមទាំងផលប៉ះពាល់ដែលអាចកើតមានចេញពីបញ្ហាពន្ធគយរបស់សហរដ្ឋអាម៉េរិកជាដើម។ ទោះបីជាពន្ធលើប្រទេសសិង្ហបុរីមានកម្រិតទាបក្នុងអត្រា ១០% ក៏ដោយ ក៏ខ្លួននៅតែមានក្ដីព្រួយបារម្ភអំពីផលវិបាកសេដ្ឋកិច្ចកាន់តែខ្លាំង។
លោកនាយករដ្ឋមន្ត្រីវង់ (Wong) បានធ្វើការសន្យាផ្ដល់ជំនួយហិរញ្ញវត្ថុដើម្បីជួយសម្រួលដល់ប្រជាជន ប្រសិនបើសេដ្ឋកិច្ចរបស់ខ្លួនត្រូវបានប៉ះពាល់ចេញពីភាពតានតឹងនៃពាណិជ្ជកម្មពិភពលោក ។
គណបក្ស PAP បានកសាងនិងរក្សាកេរ្តិ៍ឈ្មោះរបស់ខ្លួនដោយសារតែអភិបាលកិច្ចស្អាតស្អំ និងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស, ស្ថិរភាពសេដ្ឋកិច្ច, ទាក់ទាញអ្នកវិនិយោគ, រួមទាំងផ្ដល់វិធានការគាំទ្រសម្រាប់ប្រជាពលរដ្ឋ ក្នុងការគ្រប់គ្រងការចំណាយខ្ពស់ក្នុងការរស់នៅ ។
នាពេលថ្មីៗនេះ គណបក្ស PAP បានដាក់ចេញនូវវិធានការជំនួយហិរញ្ញវត្ថុមួយចំនួន ដូចជាផ្ដល់ប័ណ្ណគ្រឿងទេស “ដើម្បីជួយសម្រួលដល់ការទិញរបស់របរប្រើប្រាសប្រចាំថ្ងៃ” និងផ្ដល់ការបញ្ចុះតម្លៃពន្ធ “ដើម្បីជួយកាត់បន្ថយចំនួនពន្ធដែលប្រជាជនត្រូវបង់” និងប័ណ្ណទទួលសាច់ប្រាក់ ជាប័ណ្ណបញ្ជាក់ពីការផ្ដល់សាច់ប្រាក់ផ្ទាល់ដល់ពលរដ្ឋ ជុំវិញគោលបំណងទប់ទល់នឹងកំណើននៃការចំណាយលើថ្លៃរស់នៅរបស់ប្រជាជន និងដើម្បីរក្សាការគាំទ្រពីសាធារណជន ជាពិសេស មុនពេលបោះឆ្នោតចូលមកដល់ ។
ដោយឡែក គណបក្សកម្មករ ជាគណបក្សធំជាងគេក្នុងចំណោមគណបក្សប្រឆាំងផ្សេងទៀត ហាក់ចាប់ផ្ដើមទទួលបានកំណើនគាំទ្រជាហូរហែ ជុំវិញការបោះឆ្នោតជាបន្តបន្ទាប់មកនេះ។ ទោះបីជាបច្ចុប្បន្ន គណបក្សនេះ មិនបានបង្កការគំរាមកំហែងដល់ការគ្រប់គ្រងរបស់គណបក្សកាន់អំណាច PAP ក៏ដោយ ក៏បក្សប្រឆាំង កំពុងតែជំរុញឱ្យមានប្រព័ន្ធនយោបាយដែលមានតុល្យភាពជាងមុន។ គណបក្សកម្មករ ដែលដឹកនាំដោយលោក ព្រីតាម សិង្ហ (Pritam Singh) វ័យ ៤៩ឆ្នាំ ចង់ឃើញមានសំឡេងរបស់គណបក្សប្រឆាំងកាន់តែច្រើនបន្ថែមទៀតនៅក្នុងសភា ហើយលោកសង្ឃឹមថា នៅថ្ងៃខាងមុខ គណបក្សប្រឆាំងនឹងអាចទទួលបានអាសនៈមួយភាគបី ។
ក្នុងនោះ លទ្ធភាពទទួលបានលំនៅឋាន និងការចំណាយលើតម្លៃរស់នៅ គឺជាបញ្ហាចម្បងដែលបក្សប្រឆាំងលើកឡើង ជាពិសេសក្នុងចំណោមអ្នកបោះឆ្នោតជំនាន់ក្រោយ។ មនុស្សជាច្រើនជឿថា នៅពេលមានការប្រកួតប្រជែងផ្នែកនយោបាយកាន់តែច្រើន នោះវានឹងនាំឱ្យមានការសម្រេចបាននូវលទ្ធផលកាន់តែប្រសើរឡើង និងផ្តល់ឱ្យប្រជាពលរដ្ឋនូវសំឡេងកាន់តែច្រើន អំពីរបៀបរបបដែលប្រទេសមួយកំពុងតែដំណើរការ ។
ដូចបានរៀបរាប់ខាងលើ ភាគរយនៃការគាំទ្ររបស់គណបក្ស PAP បានធ្លាក់ចុះពី៧០% ក្នុងឆ្នាំ ២០១៥ មកនៅត្រឹម ៦១% តែប៉ុណ្ណោះនៅក្នុងការបោះឆ្នោតចុងក្រោយ នាឆ្នាំ ២០២០ ខណៈគណបក្សកម្មករ ទទួលបាន ១០អាសនៈ ដោយកាលពីឆ្នាំ ២០១១ និង ២០១៥ គណបក្សប្រឆាំងទទួលបានត្រឹម ៦អាសនៈប៉ុណ្ណោះនៅក្នុងសភា។ ទាំងនេះបង្ហាញថា ប្រសិនបើសន្ទុះនៃប្រជាប្រិយភាពរបស់គណបក្សប្រឆាំងកាន់តែហក់ឡើងយ៉ាងដូច្នេះ វាមានន័យថា គណបក្សកាន់អំណាច កំពុងតែថមថយឥទ្ធិពលបន្ដិចម្ដងៗ នៅក្នុងចំណោមបរិយាកាសនយោបាយដែលមានការប្រកួតប្រជែងច្រើនជាងមុន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ Reuters/ AP