លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ស្នើឱ្យក្រសួងអធិការកិច្ច រៀបចំសេចក្តីព្រាងច្បាប់ស្តីពី "អធិការកិច្ច" ឱ្យបានឆាប់

ភ្នំពេញ៖ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងអធិការកិច្ច ត្រូវបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមដានពិនិត្យការអនុវត្តច្បាប់។ ក្នុងន័យនេះគ្រប់ក្រសួង ស្ថាប័នត្រូវបន្តសហការ ជាមួយក្រសួងអធិការកិច្ច ពង្រឹងវិស័យអធិការកិច្ច ឱ្យកាន់តែល្អ។ ជាពិសេសត្រូវសហការរៀបចំសេចក្តីព្រាង ច្បាប់ស្តីពី "អធិការកិច្ច" ឱ្យបានឆាប់មានលក្ខណៈគ្រប់ជ្រុងជ្រាយ ដោយអនុវត្ត តាមអនុសាសន៍សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ។ នេះជាប្រសាសន៍លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅក្នុងឱកាសបូកសរុបរបាយការណ៍លទ្ធផលការងារឆ្នាំ ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងអធិការកិច្ច នាព្រឹកថ្ងៃទី៩ ខែឧសភានេះ។
លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលមានសម្តេចធិបតី ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ ការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង។
នាឱកាសនោះ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច មានប្រសាសន៍បញ្ជាក់ថា ទិសដៅការងារឆ្នាំ២០២៥ និងគោលដៅយុទ្ធសាស្ត្រ វិធានការគន្លឹះ ព្រមទាំងសកម្មភាពអាទិភាពសំខាន់ៗ ដែលបានដាក់ចេញ បញ្ហាប្រឈមក្នុងវិស័យអធិការកិច្ច អាចត្រូវបានដោះស្រាយ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា សំដៅអភិវឌ្ឍវិស័យអធិការកិច្ច ឱ្យកាន់តែប្រសើរបន្ថែមទៀត ជាមួយនឹងការបន្តគាំទ្រពីរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា។
លោករដ្ឋមន្ត្រីក្រសួងអធិការកិច្ច បញ្ជាក់ទៀតថា សន្និបាតរបស់ក្រសួងអធិការកិច្ច បានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលជាទីមោទនៈដោយមានវា គ្មិនសំខាន់ៗ បានធ្វើបទបង្ហាញផ្តោតលើ ជ្រុងយុទ្ធសាស្ត្រទាំង៨ របស់ក្រសួងអធិបការកិច្ច ដូចមាននៅក្នុងយុទ្ធសាស្ត្រ «ព៤៨៤»។
ជារួមអង្គសន្និបាត បានបង្ហាញពីការគាំទ្រលើទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួង និងការដាក់ចេញនូវយុទ្ធសាស្ត្រ «ព៤ ជ៤» ដែលអាចឆ្លើយតបទៅនឹងបញ្ហាប្រឈម ដែលកំពុងកើតមានក្នុងវិស័យអធិការកិច្ច ដើម្បីអភិវឌ្ឍវិស័យអធិការកិច្ច សំដៅចូលរួមជំរុញឱ្យសង្គមកម្ពុជា មានភាពធន់ និងភាពប្រកួតប្រជែង ព្រមទាំងធ្វើឱ្យស្ថាប័នសាធារណៈ មានប្រសិទ្ធភាព គណនេយ្យភាព និងបរិយាបន្ន ព្រមទាំងចូលរួមធានាបាននូវយុត្តិធម៌ តម្លាភាព និងអភិបាលកិច្ចល្អ តាមរយៈបេសកកម្មច្បាស់លាស់និងមុតស្រួច ក្នុងការពង្រឹង និងលើកកម្ពស់ទំនុកចិត្តលើស្ថាប័នសាធារណៈ។
ស្របពេលជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្រ «ព៤៨៤» ក្រសួងក៏បានបង្កើត ក្រុមការងាររួមទទួលបន្ទុកជំរុញការអនុវត្តយុទ្ធសាស្ត្រ «ព៤៨៤» និងក្រុមការងារគាំទ្រចំនួនបីទៀត ដើម្បីអនុវត្តយុទ្ធ សាស្ត្រដែលមានភាពគ្រប់ជ្រុងជ្រោយនេះ ឱ្យទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ វង សុភ័ក្ត្រ













