សង្គម

លោក ចែម វីឌ្យ៉ា៖ ទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសឥណ្ឌូណេស៊ី និងទីម័រឡេស្ដេ ត្រូវបានទទួលបដិសណ្ឋារកិច្ចស្មើនឹងថ្នាក់ប្រមុខរដ្ឋ

image


ភ្នំពេញ៖ លោក ចែម វីឌ្យ៉ា និងលោក ជា ធីរិទ្ធិ បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសឥណ្ឌូណេស៊ី និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ដេ ថា វត្តមានរបស់សម្ដេចតេជោត្រូវបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរទទួលបដិសណ្ឋារកិច្ចស្មើនឹងថ្នាក់ប្រមុខរដ្ឋ ដែលនេះស្ដែងឱ្យឃើញពីទំនាក់ទំនងដ៏រឹងមាំ និងល្អប្រសើររបស់មិត្តទាំងទ្វេចំពោះសម្ដេចតេជោ។

នៅក្នុងសន្និសីទសារព័ត៌មានខាងលើនេះ លោក ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយនិងលោកប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតីឥណ្ឌូណេស៊ីគឺមានរយៈពេល២០ឆ្នាំមកហើយ ពោលចាប់តាំងពីឆ្នាំ១៩៩៥មកម្ល៉េះ។

លោក ចែម វីឌ្យ៉ា ឱ្យដឹងទៀតថា វត្តមានរបស់សម្ដេចតេជោនៅលើទឹកដីឥណ្ឌូណេស៊ី ត្រូវបានទទួលបដិសណ្ឋារកិច្ចស្មើនឹងថ្នាក់ប្រមុខរដ្ឋ ដែលការស្វាគមន៍បែបនេះគឺកម្រមានណាស់។ មិនតែប៉ុណ្ណោះ តាមរយៈបាឋកថាដ៏មានតម្លៃចំនួន២របស់សម្ដេចតេជោ ក្រោមប្រធានបទ "កម្ពុជា និងអាស៊ាន, អាស៊ាន និងពិភពលោក” និងបាឋកថាក្រោមប្រធានបទស្តីពី «ទស្សនៈ និងបទពិសោធន៍ នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា» ដែលធ្វើឡើងនៅសាលាសិក្សាអំពីរដ្ឋាភិបាល នៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា បានទទួលការកោតសរសើរ រហូតលោកប្រធានាធិបតីឥណ្ឌូណេស៊ីដាក់ងារជូនសម្ដេចតេជោថា ជារដ្ឋបុរសចាស់វស្សា និងមានបទពិសោធន៍ច្រើនជាងគេ។

ដោយឡែក លោក ជា ធីរិទ្ធិ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រសាសន៍ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់សម្ដេចតេជោ ហ៊ុន សែន នៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ដេ គឺទទួលបានការធ្វើបដិសណ្ឋារកិច្ចយ៉ាងឱឡារិកមិនខុសគ្នាពីនៅប្រទេសឥណ្ឌូណេស៊ីឡើយ។ ប៉ុន្តែអ្វីដែលកាន់តែរំភើបនោះ គឺលោកប្រធានាធិបតីទីម័រឡេស្តេបានបើករថយន្តជូនដំណើរសម្ដេចតេជោដោយផ្ទាល់ចាប់ពីអាកាសយានដ្ឋានអន្តរជាតិ នីកូឡៅ លូបាតូ ឆ្ពោះទៅកាន់សណ្ឋាគារដែលសម្ដេចតេជោស្នាកក់នៅ។

បន្ថែមពីលើនេះ លោក ជា ធីរិទ្ធ បានគូសបញ្ជក់ថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនៅទីម័រឡេស្ដេ ត្រូវបានថ្នាក់ដឹកនាំ ក៏ដូចជាប្រជាជនទីម័រចាត់ទុកថាជាដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ និងជាកាងបង្ហាញឱ្យឃើញថាកម្ពុជាមិនទុកទីម័រឡេស្ដេចោលឡើយ។

មិនតែប៉ុណ្ណោះ ក្នុងពេលដែលសម្ដេចតេជោ ហ៊ុន សែន ថ្លែងបាឋកថាលើប្រធានបទស្តីពី «មេរៀនរបស់ហ៊ុន សែន៖ ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព» ចប់ លោកនាយករដ្ឋមន្ត្រីទីម័រឡេស្ដេបានលើកឡើងថា សម្ដេចតេជោគឺជាឥស្សរជនដ៏មានឥទ្ធិពលបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយបទពិសោធន៍ដែលសម្ដេចបានឆ្លងកាត់កាលពីអតីតកាលគឹជាបទពិសោធន៍ដ៏កម្រ និងមានសារៈសំខាន់ក្នុងការយកមកអនុវត្តនៅក្នុងប្រទេសនីមួយៗ៕

អត្ថបទ៖ សុភៈនារី