ប៉ាគីស្ថាន និយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់មីស៊ីលជាច្រើនរបស់ឥណ្ឌា មិនឱ្យបាញ់ដល់គោលដៅឡើយ

ប៉ាគីស្ថាន៖ ប្រទេសប៉ាគីស្ថាន និយាយថា ឥណ្ឌាបានបាញ់កាំជ្រួចមីស៊ីលសំដៅទៅកាន់មូលដ្ឋានទ័ពអាកាសចំនួន៣កន្លែងទៅព្រឹកថ្ងៃសៅរ៍នេះ រួមទាំងមួយចំនួននៅជិតរដ្ឋធានីអ៊ីស្លាម៉ាបាដ ប៉ុន្តែប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានទប់ស្កាត់កាំជ្រួចជាច្រើនរបស់ឥណ្ឌាមិនឱ្យបាញ់ដល់គោលដៅឡើយ ។
អ្នកនាំពាក្យកងទ័ពប៉ាគីស្ថាន លោក អាម៉េដ សារីហ្វ ឆាឌ្រី (Ahmed Sharif Chaudhry) បានលើកឡើងថា ដោយផ្អែកលើការត្រួតពិនិត្យបឋម បង្ហាញថា ទោះបីជាកាំជ្រួចមីស៊ីលមួយចំនួនតូចរបស់ឥណ្ឌា បានហោះឆ្លងកាត់បានក៏ដោយ ប៉ុន្តែវាមិនបានវាមិនបានបង្កការខូចខាតណាមួយដល់យន្តហោះ ឬឧទ្ធម្ភាគចក្រនៅឯមូលដ្ឋានទ័ពអាកាសនោះទេ ។
អ្នកនាំពាក្យរូបនេះ ក៏បានរៀបរាប់បន្ថែមទៀតដែរ កងទ័ពអាកាសប៉ាគីស្ថាន មានគំរូអេឡិចត្រូនិកដែលអាចបញ្ជាក់ថាតើ កាំជ្រួចមីស៊ីលទាំងអស់នោះបាញ់ចេញពីប្រភពណាឬពីទីកន្លែងណា និងគោលដៅណាដែលពួកគេចង់សំដៅទៅ ។
ប្រទេសទាំងពីរ ប៉ាគីស្ថាននិងឥណ្ឌា ធ្លាក់ចូលទៅក្នុងជម្លោះដ៏តានតឹងមិនធ្លាប់មានជិត៣ទសវត្សរ៍មកហើយ ជាពិសេសជុំវិញភាពជាប់គាំងនៅតំបន់កាស្មៀរ។ ស្ថានការណ៍ដែលកាន់តែអាក្រក់ឡើងៗនាពេលនេះ បានកើតមានឡើងបន្ទាប់ពីឥណ្ឌា បានចាប់ផ្ដើមវាយប្រហារតំបន់នានាក្នុងប្រទេសប៉ាគីស្ថាន កាលពីថ្ងៃពុធ (ទី៧ ឧសភា) ដោយឥណ្ឌា និយាយថា ខ្លួនកំពុងតែកំណត់គោលដៅលើមូលដ្ឋានរបស់ក្រុមភេរវករ ដើម្បីឆ្លើយតបនឹងសកម្មភាពវាយប្រហារសម្លាប់អ្នកទេសចរ ២៦នាក់នៅតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា។ ស្របពេលប៉ាគីស្ថាន បដិសេធការចោទប្រកាន់នេះ ដោយប្ដេជ្ញាវាយបកទៅវិញ ។
ជម្លោះថ្មីៗនេះ បានឆក់យកអាយុជីវិតមនុស្ស ៤៨នាក់គិតចាប់តាំងពីថ្ងៃពុធ នេះបើយោងតាមតួលេខប៉ាន់ស្មានរបស់ភាគីទាំងសងខាង ប៉ុន្តែមិនទាន់មានការបញ្ជាក់ឱ្យបានច្បាស់លាស់នៅឡើយទេ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ ប្រភពផ្សេងៗ





