ថៃឡង់ដ៍ ហាមឃាត់ការជក់បារីអេឡិចត្រូនិកនៅតាមសាលារៀន និងការិយាល័យរដ្ឋាភិបាលនៅទូទាំងប្រទេស

ថៃឡង់ដ៍៖ ក្រសួងអប់រំរបស់ប្រទេសថៃ បានដាក់ចេញនូវបម្រាមលើការជក់បារីអេឡិចត្រូនិកនៅតាមសាលារៀន និងការិយាល័យរដ្ឋាភិបាលនៅទូទាំងប្រទេស ក្នុងគោលបំណងទប់ស្កាត់ការកើនឡើងនូវការប្រើប្រាស់ផលិតផលនេះ ក្នុងចំណោមយុវវ័យ ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី៧ ខែឧសភា អ្នកនាំពាក្យឧបនាយករដ្ឋមន្ត្រីថៃ លោក ការ៉ុម ប៉ុលប៉ុនក្លាង (Karom Polpornklang) បានលើកឡើងថា ការសម្រេចចិត្តនេះ កើតឡើងនៅចំពេលដែលមានការកើនឡើងនូវបញ្ហានៃការប្រើប្រាស់បារីអេឡិចត្រូនិកក្នុងចំណោមសិស្ស ដោយសារតែភាពងាយស្រួលក្នុងការប្រើប្រាស់ គួបផ្សំទាំងឥទ្ធិពលនៃពាណិជ្ជកម្មនៅតាមប្រព័ន្ធអនឡាញដែលទាក់ទាញជាពិសេសចំពោះយុវជន ។
បន្ថែមពីលើការហាមឃាត់នេះ ក្រសួងកំពុងដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ក្នុងគោលបំណងកាត់បន្ថយការជក់បារី និងអប់រំសាធារណជនអំពីហានិភ័យចំពោះសុខភាព។ ទាំងនេះ រួមបញ្ចូលទាំងយុទ្ធនាការជំរុញដល់ការយល់ដឹងដែលផ្តោតលើសិស្ស, គ្រូបង្រៀន និងគណៈគ្រប់គ្រងសាលា ដោយចាប់ផ្ដើមសកម្មភាពនៅក្នុងថ្នាក់រៀន និងខិតខំប្រឹងប្រែងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយជាសាធារណៈ ដើម្បីផ្សព្វផ្សាយសារអប់រំណែនាំបន្ថែមទៀត ។
សាលារៀន និងការិយាល័យរដ្ឋាភិបាល នឹងតម្រូវឱ្យរៀបចំដាក់ផ្លាកសញ្ញាច្បាស់ៗដែលសម្គាល់ថា ទីតាំងទាំងអស់នេះ ជាតំបន់គ្មានបារីអេឡិចត្រូនិក (vape) នោះទេ។ ផ្លាកសញ្ញាទាំងអស់នេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ដើម្បីបង្កើតនូវគោលជំហរមិនអត់ឱន និងលើកកម្ពស់បរិស្ថានល្អសម្រាប់សិស្ស, បុគ្គលិកសាលានិងរដ្ឋាភិបាល ។
លើសពីនេះ ក្រសួងក៏គ្រោងនឹងបង្កើនកិច្ចខិតខំតាមដានត្រួតពិនិត្យ ដើម្បីស្វែងរក និងទប់ស្កាត់ការប្រព្រឹត្តបទល្មើសនានា ហើយបើចាប់បាន ក្រសួងនឹងអនុវត្តវិធានការវិន័យចំពោះជនល្មើសច្បាប់ថ្មីទាំងអស់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ The Nation Thailand
រូបភាព៖ ប្រភពផ្សេងៗ





