ឧតុនិយមថៃ ព្យាករណ៍ថា ព្យុះភ្លៀងផ្គររន្ទះ នឹងវាយប្រហាររាជធានីនិងខេត្តចំនួន៥៥ ក្នុងប្រទេសថៃ

ថៃឡង់ដ៍៖ នាយកដ្ឋានឧតុនិយមថៃ បានចេញសេចក្តីជូនដំណឹងស្ដីពីអាកាសធាតុដូចជា បាតុភូតភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងអាចមានភ្លៀងធ្លាក់ទឹកកកដ៏កម្រ នៅតាមខេត្តចំនួន ៥៥ នៅថ្ងៃសៅរ៍នេះ។ ប្រហែល ៦០% នៃតំបន់ដែលរងផលប៉ះពាល់ នឹងជួបប្រទះនឹងលក្ខខណ្ឌអាកាសដូចបានរៀបរាប់ខាងលើនេះ។
តំបន់ភាគឦសាននឹងរងការវាយប្រហារខ្លាំងជាងគេដោយព្យុះភ្លៀង ខណៈតំបន់ផ្សេងទៀតនឹងចាប់ផ្តើមរងនូវឥទ្ធិពលស្រដៀងគ្នានេះក្នុងពេលឆាប់ៗ។ ការប្រែប្រួលអាកាសធាតុទាំងនេះ បណ្តាលមកពីប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន ដោយជំរុញឱ្យភ្លៀងផ្គររន្ទះបក់បោកឆ្ពោះទៅកាន់ប្រទេសថៃ ។
អាជ្ញាធរបានណែនាំប្រជាពលរដ្ឋឱ្យស្នាក់នៅក្នុងផ្ទះ ជៀសវាងការធ្វើដំណើរក្នុងពេលមានព្យុះភ្លៀង ហើយត្រូវប្រុងប្រយ័ត្នពីការជ្រកក្រោមដើមឈើ ផ្ទាំងប៉ាណូ និងទីតាំងចាស់ៗមិនរឹងមាំជាដើម។ ព្រមទាំងណែនាំកសិករ ឱ្យប្រុងប្រយ័ត្ននិងការពារចំពោះសត្វនិងដំណាំរបស់ពួកគេ ។
នៅតំបន់ភាគខាងត្បូងឯណោះវិញ នឹងមានភ្លៀងធ្លាក់កាន់តែខ្លាំង ដោយសារតែខ្យល់បក់បោកខ្លាំងលើឈូងសមុទ្រ Andaman និងឈូងសមុទ្រថៃ។ ស្ថានភាពទឹកសមុទ្រនឹងមានសភាពកាន់តែគ្រោះថ្នាក់ ជាមួយនឹងរលកកម្ពស់ទឹកអាចនឹងកើនឡើងរហូតដល់ ២ ម៉ែត្រនៅក្នុងតំបន់ដែលមានព្យុះ ដូច្នេះក៏មានការណែនាំឱ្យពលរដ្ឋនៅជិតតំបន់ទាំងនោះរក្សាការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ។
នៅតំបន់ភាគខាងជើង, ឦសាន, កណ្តាល, ភាគខាងកើត និងភាគខាងត្បូង អាកាសធាតុនឹងក្តៅខ្លាំងជាងមុន ប៉ុន្តែក៏នឹងមានភ្លៀងធ្លាក់រាយប៉ាយផងដែរក្នុងចន្លោះពី ៤០% ទៅ ៧០% នៅតាមតំបន់នីមួយៗ និងមានខ្យល់បោកបក់ចន្លោះពី ៥ ទៅ ៣០គីឡូម៉ែត្រក្នុងមួយម៉ោង ។
បន្ថែមពីនេះ គេរំពឹងថា នៅទីក្រុងបាងកក និងតំបន់ក្បែរនោះ នឹងស្ថិតនៅក្រោមអាកាសធាតុក្តៅ រួមជាមួយនឹងព្យុះផ្គររន្ទះប្រហែល ៦០% លាយឡំនឹងខ្យល់បោកបក់ខ្លាំងនៅតាមកន្លែងខ្លះ។ រាជធានីនេះ នឹងមានសីតុណ្ហភាពចន្លោះពី ២៦ ទៅ ៣៧ អង្សា ជាមួយនឹងខ្យល់បក់ពីភាគខាងត្បូងក្នុងល្បឿន ១០-២០ គីឡូម៉ែត្រក្នុងមួយម៉ោង ។
គួររម្លឹកថា រាជធានីនិងខេត្តទាំង ៥៥នៅតាមតំបន់នីមួយ រួមមានដូចខាងក្រោម៖
+ភូមិភាគខាងជើង៖ Phayao, Phrae, Nan, Uttaradit, Phichit, Phitsanulok, Phetchabun។
+ភូមិភាគឦសាន៖ Loei, Nong Khai, Bueng Kan, Nong Bua Lamphu, Udon Thani, Sakon Nakhon, Nakhon Phanom, Chaiyaphum, Kalasin, Khon Kaen, Mukdahan, Maha Sarakham, Roi Et, Yasothon, Amnat Charoen, Nakhon Ratchasima, Buriram, Surin, Sisaket, Ubon Ratchathani។
+ភូមិភាគកណ្តាល៖ Nakhon Sawan, Uthai Thani, Chai Nat, Lopburi, Saraburi, Sing Buri, Ang Thong, Ayutthaya, Suphan Buri, Kanchanaburi។
+ភូមិភាគបូព៌ា៖ Nakhon Nayok, Prachin Buri, Sa Kaeo, Chachoengsao, Chon Buri, Rayong, Chanthaburi, Trat។
+តំបន់ភាគខាងត្បូង - ឆ្នេរខាងកើត៖ Phetchaburi, Prachuap Khiri Khan, Chumphon, Surat Thani, Nakhon Si Thammarat ។
+តំបន់ភាគខាងត្បូង - ឆ្នេរខាងលិច៖ Ranong, Phang Nga, Phuket, Krabi។ ចុងក្រោយនោះ គឺជារាជធានីបាងកក និងតំបន់ជុំវិញនោះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Thaiger, The Nation Thailand
រូបភាព៖ Thaiger, The Nation Thailand/ Others






