សង្គម

ថ្នាំព្យាបាលជំងឺទឹកនោមផ្អែម ២៥០០ប្រអប់ ត្រូវបានប្រគល់ជូនមន្ទីរពេទ្យបង្អែកទាំង៣ ក្នុងខេត្តកំពង់ធំ

image


កំពង់ធំ៖ ឱសថព្យាបាលជំងឺទឹកនោមផ្អែម ចំនួន ២៥០០ប្រអប់ ត្រូវបានជូនដល់មន្ទីរពេទ្យបង្អែកទាំង៣ ក្នុងខេត្តកំពង់ធំ រួមមាន មន្ទីរពេទ្យខេត្តកំពង់ធំ មន្ទីរពេទ្យបង្អែកស្ទោង និងមន្ទីរពេទ្យបង្អែក បារាយណ៍-សន្ទុក នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តកំពង់ធំ។

ក្នុងឱកាសប្រគល់-ទទួលឱសថព្យាបាលជំងឺទឹកនោមផ្អែម លោក នួន ផារ័ត្ន បានក្រើនរម្លឹកដល់ប្រធានមន្ទីរពេទ្យខេត្តកំពង់ធំ សហការជាមួយមន្ទីរពាក់ព័ន្ធ ចូលរួមចុះត្រួតពិនិត្យនៅគ្រប់សាលារៀនទាំងអស់ ហាមមិនឲ្យមានការលក់ភេជ្ជៈផ្អែមជាដាច់ខាត ដើម្បីចូលរួមទប់ស្កាត់នៃការកកើតជំងឺផ្សេងៗដល់កុមារ ជាពិសេស ជំងឺទឹកនោមផ្អែម។ លើសពីនេះ ឱ្យបន្តពង្រឹងគុណភាពនៃការបណ្តុះ-បណ្តាលវិជ្ជាជីវៈសុខាភិបាល ការលើកកម្ពស់សមត្ថភាពជំនាញ ការលើកកម្ពស់កិច្ចសហការរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈក្រុមគ្រូពេទ្យ ការបន្តកែលម្អសេវាសុខភាពសាធារណៈឱ្យកាន់តែប្រសើរឡើង និងធ្វើនិយ័តកម្មទាំងសេវាសាធារណៈ និងឯកជនឱ្យបានត្រឹមត្រូវ។

លោកអភិបាលខេត្តកំពង់ធំ ក៏បានឱ្យយកចិត្តទុកដាក់បន្ថែម ក្នុងការពិនិត្យទៅលើលទ្ធភាព និងបច្ចុប្បន្នភាពនៃតម្រូវការប្រើប្រាស់ឱសថព្យាបាល ស្របតាមមគ្គុទេសព្យាបាលប្រកបដោយប្រសិទ្ធិភាព និងស័ក្តសិទ្ធភាព ព្រមទាំងតាមដានស្តុក និងគ្រប់គ្រងគុណភាពឱសថឱ្យបានត្រឹមត្រូវ មុននឹងបែងចែកទៅដល់អ្នកប្រើប្រាស់។

សូមបញ្ជាក់ថា ឱសថព្យាបាលជំងឺទឹកនោមផ្អែម ចំនួន ២៥០០ប្រអប់នេះ ជាអំណោយរបស់ លោកសាស្រ្តាចារ្យ ស៊ុំ សត្ថា ប្រធានសមាគមបច្ចេកវិទ្យាទឹកនោមផ្អែម និងក្រពេញកម្ពុជា រួមមាន ប្រភេទថ្នាំ Glimepiride 3mg ចំនួន ១០០០ ប្រអប់ និងGlimepiride ២/៥០០ ចំនួន១៥០០ប្រអប់៕

ដោយ៖ ស៊ុម ស៉ីថាវរី