សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាប្រែពីប្រទេសខ្វះស្បៀងក្លាយជាប្រទេសដែលមានស្បៀងបរិបូរ និងអាចនាំចេញទៅក្រៅប្រទេស
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កម្ពុជាកាលពីអតីតកាលវិស័យកសិកម្មមានភាពអន់ថយ ហើយជាប្រទេសខ្វះស្បៀងគឺផលិតត្រឹមសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកតែប៉ុណ្ណោះ ប៉ុន្ដែក្រោយមានការធ្វើកំណែទម្រង់ជាបន្តបន្ទាប់តាំងពីសម្ដេចនៅជានាយករដ្ឋមន្រ្ដី កម្ពុជាបានប្រែខ្លួនពីប្រទេសដែលខ្វះស្បៀងក្លាយជាប្រទេសដែលមានស្បៀងបរិបូរ និងអាចនាំចេញទៅក្រៅប្រទេសថែមទៀតផង។
ការលើកឡើងរបស់សម្ដេចតេជោនៅក្នុងឱកាសអនុញ្ញាតឲ្យលោក អាគីរ៉ា ដូដាតេ (Akira DODATE) នាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបនេះថា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្ដីរីករាយ និងស្វាគមន៍ចំពោះលោក អាគីរ៉ា ដូដាតេ នាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុន និងគណៈប្រតិភូដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជានាពេលនេះ។ ហើយសម្ដេចក៏បានអរគុណចំពោះប្រតិភូជប៉ុនដែលបានចាប់អារម្មណ៍ចំពោះការវិនិយោគ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានៅក្នុងវិស័យកសិកម្ម។
នៅក្នុងជំនួបដដែលនេះ លោក អាគីរ៉ា ដូដាតេ បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យរូបលោក និងប្រតិភូជួបសម្ដែងការគួរសម និងបានជម្រាបសម្ដេចថាលោកចាប់អារម្មណ៍ទៅលើវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា។
លោក អាគីរ៉ា ដូដាតេ សង្ឃឹមថាតាមរយៈកិច្ចសហប្រតិបត្តិការនាពេលខាងមុខនឹងអាចមានដំណើរទស្សនកិច្ចពីមន្រ្ដីកម្ពុជាទៅកាន់ប្រទេសជប៉ុន ដើម្បីស្វែងយល់អំពីទិដ្ឋភាពនៃវិស័យកសិកម្មនៅក្នុងប្រទេសជប៉ុនហើយយកមកអនុវត្តនៅក្នុងប្រទេសកម្ពុជា។
បន្ថែមពីលើនេះ លោកនាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុន បានស្នើសុំការចង្អុលបង្ហាញពីសម្ដេចតេជោ អំពីឱកាសក្នុងការវិនិយោគនៅប្រទេសកម្ពុជាផងដែរ។
ជាការឆ្លើយតប សម្ដេចតជោ ហ៊ុន សែន បានលើកឡើងថា ចំណុចខ្វះខាតដែលកម្ពុជាត្រូវតែបំពេញ និងអភិវឌ្ឍបន្ថែម គឺការកែច្នៃដោយបច្ចុប្បន្នដោយសារតែកំណើននៃការផលិតនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងច្រើន កម្ពុជាបាននាំចេញផលិតផលកសិកម្មដែលជាវត្ថុធាតុដើមទៅលក់នៅក្រៅប្រទេសដែលធ្វើឱ្យកម្ពុជាខាតបង់នូវផលប្រយោជន៍។
ដូច្នេះបើក្រុមហ៊ុនជប៉ុនចាប់អារម្មណ៍នៅក្នុងការវិនិយោគបន្ថែមកសិឧស្សាហកម្ម ពោលគឺការកែច្នៃវត្ថុធាតុដើមនៅក្នុងប្រទេសកម្ពុជាសម្រាប់នាំចេញនោះ គឺជាចំណុចខ្លាំងមួយដែលអាចអនុញ្ញាតឱ្យកម្ពុជាពង្រីកខ្លួននៅក្នុងការនាំចេញផលិតផល និងទាញយកផលចំណេញបានច្រើនដើម្បីជួយដល់សេដ្ឋកិច្ចជាតិ។
បន្ទាប់ពីបានស្ដាប់នូវការចង្អុលបង្ហាញរបស់សម្ដេចតេជោរួចមក លោក អាគីរ៉ា ដូដាតេ បានបង្ហាញនូវការចាប់អារម្មណ៍ចំពោះការវិនិយោគលើវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះ លោក អាគីរ៉ា ដូដាតេ លើកឡើងថា តាមរយៈដំណើរមកកាន់ប្រទេសកម្ពុជា ភាគីក្រុមហ៊ុនរបស់លោកនឹងសិក្សាបន្ថែម ហើយជជែកជាមួយរាជរដ្ឋាភិបាលថាតើក្រុមហ៊ុនរបស់លោកអាចនឹងវិនិយោគទៅលើវិស័យអ្វីផលិតកម្មអ្វីសំខាន់សម្រាប់វិស័យកសិកម្មនេះ។
លើសពីលើនេះ លោក អាគីរ៉ា ដូដាតេ ក៏បានសន្យាជួយជំរុញវិនិយោគិនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ជាពិសេសនៅក្នុងវិស័យកសិកម្មនេះឱ្យបានច្រើន៕
អត្ថបទ៖ សុភៈនារី
រូបភាព៖ ផេកសម្ដេចតេជោ