ព័ត៌មានផ្លូវការ៖ តារាចម្រៀង K-POP 2NE1 នឹងមកប្រគំតន្ត្រីនៅភ្នំពេញឆាប់ៗនេះ
ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ Beer Ganzberg បានបង្ហោះសំណេរថា ខ្លួននឹងនាំយកតារា K-POP Idol ដ៏មានប្រជាប្រិយភាព មកកាន់ឆាកប្រគំតន្ត្រីនៅក្នុងទីក្រុងភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខនេះ ។
នៅក្នុងសំណេរដើមនៅលើហ្វេសប៊ុក Ganzberg បានសរសេរថា «GANZBERG លើកនេះលេងឈុតធំហ្មង នាំក្រុមកំពូលតារាចម្រៀង K-POP 2NE1 មកក្រឡុកទីក្រុង ក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រី GANZBERG SUPER IDOL- I AM THE BEST» ។
ក្នុងពេលដំណាលគ្នា ក្រុមហ៊ុន Ganzberg ក៏បានឱ្យដឹងដែរថា ទីតាំងនៃមហាព្រឹត្តិការណ៍ដ៏ទាក់ទាញនេះ នឹងធ្វើឡើងនៅកោះពេជ្រ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០២៥ ។
ដោយឡែក អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook មួយចំនួន ជាពិសេសអ្នកគាំទ្រក្រុម 2NE1 បានបញ្ចេញមតិយោបល់ដោយស្នើសុំឱ្យក្រុមហ៊ុន Ganzberg ធ្វើការផ្លាស់ប្ដូរទីតាំងប្រគំតន្ត្រីទៅកាន់ស្ដាតអូឡាំពិក ឬស្ដាតមរតកតេជោជំនួសវិញ ដោយសារតែនៅទីនោះ ហាក់អាចទទួលអ្នកគាំទ្របានច្រើនជាង និងមានទីតាំងទូលាយជាង។ បែបណានោះ រង់ចាំតាមដានដំណឹងបន្ថែមទាំងអស់គ្នា ហើយកុំភ្លេចត្រៀមខ្លួនជួបជាមួយ IDOL ទាំងអស់គ្នា ។
បន្ថែមពីនេះ ទំព័រហ្វេសប៊ុកមួយឈ្មោះ 2NE1 blackjack បានបង្ហោះសំណេរថា ការអញ្ជើញនេះ នឹងជំរុញឱ្យមានការចងចាំដ៏អស្ចារ្យបំផុតសម្រាប់ប្រទេសកម្ពុជា ខណៈក្រុម 2NE1 តែងតែនៅតែជាក្រុមលេខ ១ នៅកម្ពុជាអស់រយៈពេល ១៦ ឆ្នាំមកហើយ ៕
អត្ថបទ៖ CNC
ប្រភព៖ Beer Ganzberg/ 2NE1 blackjack/ ប្រភពដទៃទៀត | រូបភាព៖ ប្រភពនានា