មេដឹកនាំអ៊ុយក្រែន សង្កត់ធ្ងន់ពីសារៈសំខាន់នៃការរក្សាការដាក់ទណ្ឌកម្មលើរុស្ស៊ី និងវត្តមានចូលរួមពីអ៊ុយក្រែនសម្រាប់កិច្ចព្រមព្រៀងផ្សេងៗ
អ៊ុយក្រែន៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីដើមសប្ដាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ្លូឌីមៀរ ហ្សេលែនស្គី (Volodymyr Zelenskyy) និយាយថា លោកបាននិយាយគ្នាជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ទាំងមុននិងបន្ទាប់ពីកិច្ចសន្ទនាតាមទូរសព្ទរវាងមេដឹកនាំសហរដ្ឋអាម៉េរិក ជាមួយសមភាគីរុស្ស៊ី លោក វ្លាឌីមៀរ ពុទីន (Vladimir Putin) ។ នៅក្នុងសេចក្ដីថ្លែងការណ៍ខាងលើក៏មានភ្ជាប់មកជាមួយនូវរូបថតដែលបង្ហាញថា លោកហ្សេលែនស្គី កំពុងអង្គុយនៅលើតុនិយាយទូរសព្ទ ។
លោកហ្សេលែនស្គី រៀបរាប់ថា អំឡុងសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីត្រាំ (Trump) លោកបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់បទឈប់បាញ់នៅក្នុងជម្លោះជាមួយរុស្ស៊ី។ លោកក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃការរក្សានូវការដាក់ទណ្ឌកម្មលើរុស្ស៊ី និងបានបញ្ជាក់យ៉ាងច្បាស់ថា សម្ព័ន្ធមិត្តរបស់អ៊ុយក្រែនមិនគួរធ្វើកិច្ចព្រមព្រៀងណាមួយជាមួយរុស្ស៊ីដោយមិនមានវត្តមានដឹងលឺពីអ៊ុយក្រែនឡើយ ។
មេដឹកនាំអ៊ុយក្រែនរូបនេះ បានលើកឡើងបន្ថែមថា អ៊ុយក្រែន និងសម្ព័ន្ធមិត្តកំពុងគិតគូអំពីការរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ដែលនឹងរួមបញ្ចូលអ៊ុយក្រែន រុស្ស៊ី សហរដ្ឋអាម៉េរិក បណ្តាប្រទេសនៅសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស។ គោលដៅសម្រាប់ជំនួបនេះ គឺដើម្បីស្វែងរកវិធីសាស្ត្រក្នុងការបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ។
ដោយឡែក ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីដើមសប្ដាហ៍នេះ បានលើកឡើងថា «វាគឺជាគំនិតដ៏ល្អមួយសម្រាប់រុស្ស៊ី និងអ៊ុយក្រែន ក្នុងការរៀបចំកិច្ចចរចាសន្តិភាព ដែលប្រព្រឹត្តទៅនៅឯបុរីវ៉ាទីកង់»។ លោកជឿថា ទីតាំងនោះ នឹងបន្ថែមភាពអវិជ្ជមានដល់ដំណើរការនៃការចរចានេះ ។
បន្ថែមពីនេះ គេបានឃើញលោកត្រាំ បង្ហោះសំណេរនៅលើគណនាបណ្ដាញសង្គម Truth Social របស់លោក បន្ទាប់ពីនិយាយទូរសព្ទជាមួយសមភាគីរុស្ស៊ី ដោយលោកត្រាំ រៀបរាប់ថា ការចរចាចុងក្រោយបំផុតជាមួយនឹងលោកពុទីន (Putin) ដំណើរការដោយភាពរលូន។ លោកបានរំលេចឡើងដែរថា ព័ត៌មានលម្អិតនៃកិច្ចពិភាក្សាទាំងនោះ នឹងត្រូវសម្រេចផ្ទាល់ដោយភាគីទាំងពីរ (រុស្ស៊ី-អ៊ុយក្រែន) ។
គួររម្លឹកថា មុននិយាយទូរសព្ទជាមួយលោក ពុទីន (Putin) លោកត្រាំ (Trump) ក៏បានសន្ទនាតាមទូរសព្ទក្នុងរយៈពេលខ្លីជាមួយលោកហ្សេលែនស្គី ហើយបន្ទាប់ពីនិយាយគ្នាជាមួយមេដឹកនាំរុស្ស៊ី លោកត្រាំ ក៏បានធ្វើបច្ចុប្បន្នភាពជាមួយលោកហ្សេលែនស្គី និងមេដឹកនាំអឺរ៉ុបមួយចំនួន រួមមានបារាំង ហ្វាំងឡង់ដ៍ អាឡឺម៉ង់ អ៊ីតាលី និងមេដឹកនាំសហភាពអឺរ៉ុបផងដែរ អំពីកិច្ចពិភាក្សារបស់លោកជាមួយរុស្ស៊ី ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect | រូបភាព៖ ប្រភពនានា