សង្គម

សម្ដេចតេជោ ហ៊ុន សែន៖ ការបង្កើតយន្តការសន្និសីទប្រធានសភានៃអន្តរសភា ចំពេលល្អនិងសមស្រប ខណៈតួនាទីរបស់អង្គការអន្តរជាតិកំពុងថមថយ និងបាត់បង់ឥទ្ធិពល

image


ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការផ្តួចផ្តើមបង្កើតយន្តការសន្និសីទប្រធានសភានៃអន្តរសភា (ISC ) ដែលមានគោលបំណងកសាងសន្តិភាព គឺចំពេលវេលាល្អ និងសមស្រប ខណៈដែលតួនាទីរបស់អង្គការអន្តរជាតិផ្សេងៗកំពុងតែថមថយ និងបាត់បង់ឥទ្ធិពលចំពោះមុខសភាពការណ៍ពិភពលោកកំពុងវិវឌ្ឍន៍ដ៏ស្មុគស្មាញ។

ការលើកឡើងរបស់សម្ដេចតេជោ ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យលោក ឯក ណាត ដាកាល (EK Nath Dhakal) អគ្គលេខាធិការនៃសន្និសីទប្រធានសភានៃអន្តរសភា ចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមក្នុងការរៀបចំសន្និសីទប្រធានសភានៃអន្តរសភា កាលពីខែមេសាកន្លងទៅ ដែលជាគំនិតផ្តួចផ្តើមដ៏ល្អមួយនៅចំពោះមុខកាលៈទេសៈ ដែលសភាពការណ៍ពិភពលោកកំពុងមានភាពច្របូកច្របល់ និងការថមថយចុះនូវតួនាទីរបស់អង្គការអន្តរជាតិនានា រួមទាំងអង្គការសហប្រជាជាតិផងដែរ។

លោក ឯក ណាត ដាកាល បានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោដែលបានផ្តល់ការគាំទ្រចំពោះការបង្កើត និងការចូលរួមរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងកិច្ចប្រជុំ ISC នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ កាលពីខែមេសា ឆ្នាំ២០២៥។

លោកអគ្គលេខាធិការ បានជម្រាបជូនសម្ដេចតេជោបន្តថា លោកពិតជាមានកិត្តិយសដែលបានធ្វើជាអគ្គលេខាធិការនៃ ISC និងគោរពដឹងគុណចំពោះសម្តេចតេជោក្នុងការចូលរួមចំណែកកសាងសន្តិភាពនៅឧបទ្វីបកូរ៉េ អាស៊ី និងសម្រាប់ពិភពលោក។ ហើយនៅក្នុងឱកាសនោះ លោក ឯក ណាត ដាកាល ក៏បានប្រគល់ជូនសម្តេចតេជោនូវសញ្ញាសម្គាល់សមាជិកស្ថាបនិក ISC ផងដែរ។

ក្នុងគ្រាដដែលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចែករំលែកអំពីការយល់ឃើញ និងទស្សនៈអំពីការវិវឌ្ឍន៍នៃសភាពការណ៍អន្តរជាតិនានានៅតំបន់មជ្ឈិមបូព៌ា អឺរ៉ុប អាស៊ី និងគោលនយោបាយរបស់រដ្ឋការថ្មីអាមេរិក។ ក្នុងន័យនេះ សម្តេចតេជោបានគូសបញ្ជាក់អំពីតួនាទីរបស់សភានៅក្នុងការរួមចំណែកដោះស្រាយបញ្ហានានានៅក្នុងប្រទេស ក៏ដូចជានៅក្នុងតំបន់ ហើយការបង្កើតយន្តការសភាក៏នឹងជួយបំពេញបន្ថែមចន្លោះប្រហោងទៅលើយន្តការនានា។

បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្ដល់អនុសាសន៍ដល់ ISC ឱ្យពង្រឹងតួនាទីខ្លួនតាមរយៈការលើកកម្ពស់តួនាទីរបស់អគ្គលេខាធិការ និងលេខាធិការដ្ឋាន ISC ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពនៃដំណើរការ និងប្រតិបត្តិការរបស់ ISC ដូចដែលសម្តេចធ្លាប់បានលើកឡើងនៅក្នុងឱកាសដែលសម្តេចធ្វើបាឋកថានៅលេខាធិការដ្ឋានអាស៊ាន កាលពីពេលកន្លងទៅថ្មីៗនេះ៕

អត្ថបទ៖ សុភៈនារី
រូបភាព៖ ផេកហ្វេសប៊ុកលោក ហេង រតនា