ត្រូវប៉ាន់ផ្លែទុរេនខេត្តកំពង់ចាមល្បីឆ្ងាញ់ កំពុងមមាញឹកប្រមូលទិន្នផលដើមដៃ លក់បានក្នុងតម្លៃខ្ពស់លើទីផ្សារ
កំពង់ចាម៖ ផ្លែទុរេនៅចម្ការទុរេនក្នុងខេត្តកំពង់ចាមកំពុងត្រូវបានប្រកាសជាផ្លូវការក្នុងការប្រមូលផលកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ លើផ្ទៃដីប្រមូលផលចំនួន៧៤៧ហិកតា ក្នុងចំណោមផ្ទៃដីដាំដុះសរុប១.៥៩៣ហិកតា។ នេះបើការតាមការបញ្ជាក់ពីលោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តកំពង់ចាម។
លោកប្រធានមន្ទីរកសិកម្ម បានបញ្ជាក់ទៀតថាទុរេនខេត្តកំពង់ចាមមានច្រើនជាងគេក្នុងស្រុកស្ទឹត្រង់ខេត្តកំពង់ចាម និងបានបង្កើតជាសហគមន៍ កសិ/ទុរេនបែកអន្លូង កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ។
លោកប្រធានមន្ទីរកសិកម្ម បានបញ្ជាក់ថា តម្លៃផ្លែទុរេន ក្នុងខេត្តកំពង់ចាមក្នុងឆ្នាំ២០២៥នេះ ដែលទទួលបានពីម្ចាស់ចម្ការមួយក្នុងស្រុកស្ទឹងត្រង់បានឱ្យដឹងថា សម្រាប់ទុរេនខ្មែរ ដែលឈ្មួញទិញដុំ ចាប់១តោនឡើងមានតម្លៃ១៣.០០០រៀលក្នុង១គីឡូក្រាម។ ចំពោះម៉ូយវេចខ្ចប់ដាក់ឡាំង មានទម្ងន់ខ្ទង់រយគីឡូ គឺមានតម្លៃ១៧.០០០រៀលទៅ១៨.០០០រៀល ហើយតម្លៃអ្នកទិញហូបដល់កន្លែងចម្ការតម្លៃ២៣.០០០រៀលទៅ២៥.០០០រៀល ឬ ២៧.០០០រៀលក្នុង១គីឡូក្រាម។
លោកបានបន្តថាចំពោះឈ្មួញកណ្តាលក្នុងក្រុងកំពង់ចាមមួយចំនួនដែលបានទិញនិងដាក់លក់នៅតាមទីផ្សារមានតម្លៃជាង២ម៉ឺនរៀលក្នុង១គីឡូក្រាម។
បើតាមឈ្មួញកណ្តាលមួយចំនួនទៀតបានលើកឡើងថា ពួកគាត់មួយចំនួនបានផ្អាកលក់នៅក្នុងឆ្នាំនេះដោយសារមានទុរេននាំចូល ជាហេតុធ្វើឱ្យគាត់ពិបាកលក់។ ហើយក៏មានឈ្មួញកណ្តាលផ្សេងទៀតថា ឆ្នាំនេះស្រួលលក់ដោយ សារទុរេននាំចូលត្រូវបានបិទខ្ទប់។
ពាក់ព័ន្ធទៅនឹងទុរេននាំចូលនេះដែរ លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តកំពង់ចាម បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានណែនាំក្រសួងពាក់ព័ន្ធមានវិធានការរួចហើយ។ ក្រៅពីនេះមានតែសហគមន៍ និងម្ចាស់ចម្ការផ្សេងទៀតដែលអាចដឹងថា ឈ្មួញកណ្តាលយកទុរេនពីកន្លែងណាមកលក់៕