និស្សិតដែលបញ្ចប់ការសិក្សានៅសាលាបច្ចេកទេស ដុន បូស្កូខេត្តកែប អត្រាមានការងារធ្វើ ៩៥%នៃចំនួននិស្សិតសរុប
កែប៖ និស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅសាលាបច្ចេកទេស ដុន បូស្កូកែប អត្រាមានការងារធ្វើរហូតដល់៩៥%។ ដោយផ្អែកតាមការធ្វើបច្ចុប្បន្នភាព នៅចុងឆ្នាំ២០២៤ ដោយពួកគេទៅបម្រើការនៅតាមស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន ហើយក៏មាននិស្សិតមួយចំនួនបានបង្កើតអាជីវកម្មដោយខ្លួនឯងផងដែរ។
នេះបើតាមការបញ្ជាក់ពីលោក សេន រ៉ា នាយកសាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែបក្នុងពិធីប្រគល់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជូនដល់និស្សិតជំនាន់ទី៩ ឆ្នាំសិក្សា២០២១-២០២៣ ដោយមារការចូលរួមជាអធិបតីពីសំណាក់ លោក អ៊ឹម បញ្ញារិទ្ធិ អភិបាលរងខេត្តកែប។
លោក សេន រ៉ា បានឱ្យដឹងថា សាលាបច្ចេកទេសដុន បូស្កូខេត្ត ខេត្តកែប បានចាប់ដំណើរការតាំងពីឆ្នាំ២០១១ រហូតមកដល់ពេលបច្ចុប្បន្ន សាលាបានចូលរួមបណ្តុះបណ្តាលដល់និស្សិតដោយបញ្ចប់ថ្នាក់ជាន់ខ្ពស់បច្ចេកទេស បានចំនួន ១០ជំនាន់រួចមកហើយ ដោយក្នុងនោះមាននិស្សិតបញ្ចប់ការសិក្សាសរុបចំនួន ១.៤៨២នាក់ (ស្រី២០៧នាក់)។
លោកបន្តថា បច្ចុប្បន្នមាននិស្សិតចំនួន ៥៣៤នាក់ កំពុងសិក្សានៅតាមជំនាញផ្សេងៗ មានជំនាញអគ្គិសនី ជំនាញលេខាធិការ ជំនាញព័ត៌មានវិជ្ជា និងជំនាញទំនាក់ទំនងនិងប្រព័ន្ធផ្សព្វផ្សាយ។
ថ្លែងនៅក្នុងពិធីខាងលើ លោក អ៊ឹម បញ្ញារិទ្ធិ អភិបាលរងខេត្តកែប មានប្រសាសន៍ថា លោកពិតជាមានក្តីសោមនស្សរីករាយដែលខេត្តកែបសំបូរទៅដោយអ្នកបច្ចេកទេស តាមរយៈការខិតខំបណ្តុះបណ្តាលបំពាក់នូវជំនាញទាំងនេះពីសំណាក់លោកគ្រូអ្នកគ្រូទៅកាន់យុវជនរបស់យើង ឲ្យក្លាយជាធនធានដ៏សំខាន់ក្នុងការរួមចំណែកជួយដល់សង្គមជាតិ។
លោកបញ្ជាក់ថា ស្របពេលដែលខេត្តកែប កំពុងបន្តប្រឺងប្រែងអភិវឌ្ឍន៍ វិស័យឯកជនក៏កំពុងចូលមកបើកអាជីវកម្មនានា ដែលពួកគេកំពុងត្រូវការធនធានមនុស្សដែលមានជំនាញ និងវិជ្ជាជីវៈត្រឹមត្រូវ ដើម្បីបំពេញការងារឱ្យពួកគេ។ ក្នុងនោះតាមស្ថាប័នរដ្ឋក៏រង់ចាំទទួលយុវជនយើងដែលមានសមត្ថភាពពិតប្រាកដ ក្នុងការចូលរួមចំែណកអភិវឌ្ឍន៍ការងារតាមស្ថាប័នទាំងនោះផងដែរ។
គួរបញ្ជាក់ជូនដែរថា ដុនបូស្កូកម្ពុជា ជាអង្គការក្រៅរដ្ឋាភិបាលមិនស្វែងរកប្រាក់ចំណេញ បានកំពុងជួយបណ្តុះបណ្តាលយុវជន និងកុមារក្រីក្ររាប់ពាន់នាក់ តាមរយៈការបំពាក់នូវជំនាញបច្ចេកទេសជួនពួកគេ នៅតាមសាខាសាលាបច្ចេកទេសដុនបូស្កូទាំង៥នៅទូទាំងប្រទេសកម្ពុជា ឲ្យក្លាយជាយុវជនដែលមានគុណភាព៕
អត្ថបទ៖ ង៉ុង សាន់