សង្គម

ទីម័រឡេស្តេ​ នឹងក្លាយសមាជិកអាស៊ានពេញសិទ្ធិ នៅខែតុលា ឆ្នាំ២០២៥ខាងមុខ

image


ភ្នំពេញ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងនៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេនឹងក្លាយសមាជិកអាស៊ានពេញសិទ្ធិនៅខែតុលាខាងមុខ ហើយព័ត៌មានដ៏វិសេសវិសាលនេះទទួលបានពីហ្វេសប៊ុកផ្លូវការរបស់លោកប្រធានាធិបតីទីម័រ នេះជាការបញ្ជាក់របស់លោក ជា ធីរិទ្ធ។ អ្នកនាំពាក្យរូបនេះបញ្ជាក់ទៀតថា ប្រជាជននិងមេដឹកនាំទីម័រនឹងចារឈ្មោះរដ្ឋបុរសកម្ពុជា ជាប្រវត្តិសាស្រ្តដែលបានជ្រោមជ្រែងទីម័រ។ ហើយការទទួលយកទីម័រឡេស្តេនៅពេលនេះ ក៏បានឆ្លុះបញ្ចាំងពីឥទ្ធិពលរបស់រដ្ឋបុរសយើងនៅក្នុងតំបន់អាស៊ានផងដែរ។

ទាក់ទិននឹងព័ត៌មានដ៏សោមនស្សនេះ លោក ជា ធីរិទ្ធ បានពន្យល់នូវកត្តាសំខាន់ចំនួនពីរដែលកម្ពុជានឹងទទួលបាន​បន្ទាប់ពីទីម័រឡេស្តេឱ្យក្លាយសមាជិកអាស៊ានពេញសិទ្ធិ ខណៈដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា គឺជាតួអង្គយ៉ាងសំខាន់ក្នុងការជំរុញឱ្យក្ដីសុបិនរបស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេក្លាយជាការពិត។

លោក ជា ធីរិទ្ធ បានមានប្រសាសន៍ថា ការទទួលយកទីម័រឡេស្តេជាសមាជិកពេញសិទ្ធិនៅខែតុលាខាងមុខ គឺជាការឆ្លុះបញ្ចាំងពីឥទ្ធិពលរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងតំបន់អាស៊ាន ពោលគឺរាល់មតិយោបល់ និងសំណើរបស់សម្តេចតេជោសុទ្ធតែត្រូវបានមេដឹកនាំអាស៊ានពិចារណានឹងអនុវត្តតាម។
លោកបន្ថែមថា ក្នុងតំបន់អាស៊ានសម្តេចតេជោជាមេដឹកនាំដ៏មានបទពិសោធន៍ច្រើន និងតែងតែមានគំនិតផ្តួចផ្តើមសំខាន់ៗដើម្បីសាមគ្គីភាពនិងភាពរីកចម្រើននៅក្នុងតំបន់អាស៊ាន។ ទោះបច្ចុប្បន្នសម្ដេចឈប់ធ្វើនាយករដ្ឋមន្រ្តីក្ដី ប៉ុន្តែមេដឹកនាំអាស៊ាននូវតែត្រូវការការណែនាំពីសម្ដេច ស្របពេលដែរលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥ បានតែងតាំងសម្តេចជាទីប្រឹក្សា។

មិនតែប៉ុណ្ណោះ សម្តេចតេជោ ហ៊ុន សែន ក៏ត្រូវបានប្រធានាធិបតីឥណ្ឌូនេស៊ីហៅថាជារដ្ឋបុរសរបស់អាស៊ានផងដែរ។

ចំពោះផលវិជ្ជមានទីពីរដែលកម្ពុជាទទួលបាននោះ គឺកិត្តិនាមសម្រាប់ជាតិ ជាពិសេសគឺការគោរពដឹងគុណពីប្រជាជននិងមេដឹកនាំទីម័រចំពោះប្រទេសកម្ពុជា និងថ្នាក់ដឹកនាំកម្ពុជា ពោលគឺសម្តេចតេជោដែលបានជួយជ្រោមជ្រែងយ៉ាងសកម្មស្វែងរកការគាំទ្រសម្រាប់ទីម័រក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ហើយកត្តានេះនឹងធ្វើឱ្យទំនាក់ទំនងកម្ពុជានិងទីម័រនឹងកាន់តែរឹងមាំ។

សូមរម្លឹកជូនថា ក្នុងដំណើរទស្សនៈទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេកាលពីដើមខែឧសភាកន្លងមក សម្ដេចតេជោ ហ៊ុន សែន បានជម្រាបទៅកាន់លោក ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតីទីម័រឡេស្តេ ថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះការបញ្ចូលទីម័រឡេស្តេជាសមាជិកអាស៊ានពេញសិទ្ធិ ហើយសម្ដេចក៏មានជំនឿមុតមាំដែរថាប្រទេសនៅក្នុងអាស៊ាននឹងទទួលយកទីម័រឡេស្តេជាសមាជិកអាស៊ានពេញសិទ្ធិ ព្រោះស្ថានភាពទីម័រឡេស្តេនៅពេលបច្ចុប្បន្ននេះគឺសាកសមនឹងអាចចូលជាសមាជិកអាស៊ានពេញសិទ្ធិបាន។

ក្នុងគ្រានោះដែរ ដើម្បីជាកិច្ចតបស្នងទៅនឹងគុណបំណាច់ និងវិភាគទានដ៏សំខាន់របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការជួយគាំទ្រដល់ទីម័រឡេស្តេជាង២ទសវត្សរ៍កន្លងមក ជាពិសេសចំពោះការជំរុញទីម័រឡេស្តេចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន លោកប្រធានាធិបតីទីម័រឡេស្តេបានបំពាក់គ្រឿងឥស្សរិយយស Grand Collar of the Order of Timor-Leste ដែលជាឥស្សរិយយសកម្រិតខ្ពស់បំផុតជូនសម្ដេចតេជោ។

បន្ថែមពីលើនេះ លោកប្រធានាធិបតីទីម័រឡេស្តេបានរៀបចំពិធីបដិសណ្ឋារកិច្ចចំពោះវត្តមានសម្ដេចតេជោ ហ៊ុន សែន យ៉ាងឱឡារិកដោយលោកបានបើករថយន្តជូនដំណើរសម្ដេចតេជោដោយផ្ទាល់ចាប់ពីអាកាសយានដ្ឋានអន្តរជាតិ នីកូឡៅ លូបាតូ ឆ្ពោះទៅកាន់សណ្ឋាគារដែលសម្ដេចតេជោស្នាក់នៅ៕


អត្ថបទ៖ សុភៈនារី