នាយករដ្ឋមន្ត្រីប៉ាគីស្ថានគាំទ្រនយោបាយសន្តិភាពរបស់អ៊ីរ៉ង់ ជុំវិញការអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរ
អ៊ីរ៉ង់៖ នៅក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃចន្ទម្សិលមិញ នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Shebaz Sharif បានថ្លែងគាំទ្រនយោបាយសន្តិភាពរបស់រដ្ឋាភិបាលអ៊ីរ៉ង់ជុំវិញការអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរ ដើម្បីបម្រើដល់វិស័យថាមពលក្នុងប្រទេស និងបានចាត់ទុករឿងនេះថាជាសិទ្ធិស្របច្បាប់របស់អ៊ីរ៉ង់ក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញូមដើម្បីដំណើរការរោងចក្រនុយក្លេអ៊ែរ។
ក្នុងឱកាសខាងលើនេះ លោកនាយករដ្ឋមន្រ្តី Sharif និងអញ្ជើញជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោកម៉ាស៊ូដ ផេហ្សេស្កៀន (Masoud Pezeshkian) និងបានជជែកពិភាក្សាលើរបៀបវារៈសំខាន់ៗជាច្រើន ពាក់ព័ន្ធបញ្ហាទំនាក់ទំនង និងសហប្រតិបត្តិការទ្វេភាគី រួមនិងការវិនិយោគ ហើយនិងកិច្ចសហការគ្នាដើម្បីរក្សាស្ថិរភាព និងសន្តិសុខក្នុងតំបន់។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាបន្ទាប់ពីកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Sharif បានបញ្ជាក់ថា លោកបានធើ្វការសន្ទនាប្រកបដោយផ្លែផ្កាជាមួយប្រធានាធិបតីអ៊ីរ៉ង់ លើបញ្ហាទំនាក់ទំនងគ្រប់វិស័យ រឿងរ៉ាវផលប្រយោជន៍ និងកិច្ចសហប្រតិបត្តិការផ្សេងៗ។
បើតាមប្រភពក្រសួងការបរទេសប៉ាគីស្ថានបានឱ្យដឹងថា នៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ លោកនាយករដ្ឋមន្រ្តី Sharif បានអញ្ជើញបំពេញទស្សនកិច្ចទៅកាន់ប្រទេសសរុបចំនួន ៤ ដោយរួមមានប្រទេសតួកគីយ៉េ អាស៊ែបៃហ្សង់ តាជីគីស្ថាន និងអ៊ីរ៉ង់ ខណៈដំណើរទស្សនកិច្ចនេះមានគោលដៅផ្តោតលើការរឹតចំណងមិត្តភាព រួមនិងបញ្ហាសេដ្ឋកិច្ច និងភូមិសាស្រ្តនយោបាយក្នុងតំបន់និងពិភពលោក៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect