ព័ត៌មានអន្តរជាតិ

ព្រះមហាក្សត្រប្រ៊ុយណេ ចូលសម្រាកព្យាបាលព្រះសុខភាពភ្លាមៗ ខណៈកំពុងស្ថិតនៅក្នុងកិច្ចប្រជុំកំពូលនៅម៉ាឡេស៊ី

image


ម៉ាឡេស៊ី៖ បណ្ដាប្រព័ន្ធផ្សព្វផ្សាយនានា បានប្រមូលផ្តុំគ្នានៅខាងក្រៅមន្ទីរពេទ្យវិទ្យាស្ថានជាតិឯកទេសបេះដូង ក្នុងទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអង្គារ ដោយសារតែព្រះមហាក្សត្រស៊ុលតង់ ហាស់សាណាល់ បុលគៀ (Sultan Hassanal Bolkiah) បានយាងចូលសម្រាកព្យាបាលព្រះរាជសុខភាពនៅទីនោះ បន្ទាប់ពីព្រះអង្គ ស្រាប់តែហត់ព្រះកាយអំឡុងកំពុងស្ថិតនៅកិច្ចប្រជុំកំពូលនៅក្នុងតំបន់ ។

ក្រោយមក ការិយាល័យរបស់ទ្រង់ បានប្រកាសថា ព្រះអង្គមានព្រះសុខភាពល្អជាធម្មតា ប៉ុន្តែនឹងត្រូវគង់នៅក្នុងមន្ទីរពេទ្យរយៈពេល ២ ឬ ៣ថ្ងៃ ដោយផ្អែកលើការណែនាំពីវេជ្ជបណ្ឌិតនៅក្នុងប្រទេសម៉ាឡេស៊ី ។

ព្រះអង្គស៊ុលតង់ មានព្រះជន្ម ៧៨ព្រះវស្សា ហើយទ្រង់បានគ្រប់គ្រងប្រទេសប្រ៊ុយណេ ចាប់តាំងពីឆ្នាំ ១៩៦៧មកម្លេះ។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ដែលបច្ចុប្បន្នកំពុងធ្វើជាមេដឹកនាំប្ដូរវេនរបស់អាស៊ាន និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៅសប្តាហ៍នេះ បានចេញមុខបញ្ជាក់ដំបូងគេអំពីការសម្រាកព្យាបាលព្រះសុខភាពរបស់ព្រះអង្គស៊ុលតង់ ។

រហូតមកដល់ពេលនេះ ព្រះអង្គស៊ុលតង់ នៅតែមានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសប្រ៊ុយណេ ជាប្រទេសតូចមួយប៉ុន្តែមានទ្រព្យសម្បត្តិច្រើន ដែលមានទីតាំងនៅលើកោះបូណេអូ (Borneo)។ ទោះបីជាទ្រង់កាន់អំណាចយូរ និងគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើរដ្ឋាភិបាលក៏ដោយ ក៏មនុស្សជាច្រើននៅក្នុងប្រទេសប្រ៊ុយណេ នៅតែគាំទ្រព្រះអង្គ ។

ព្រះអង្គ មានព្រះរាជភារកិច្ចជាច្រើននៅក្នុងរដ្ឋាភិបាលនៃប្រទេសរបស់ទ្រង់ ដោយមិនត្រឹមតែកាន់តួនាទីជាព្រះប្រមុខរដ្ឋតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែព្រះអង្គក៏មានតួនាទីជានាយករដ្ឋមន្ត្រី, មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ និងជាអ្នកកាន់តំណែងកំពូលផ្នែកហិរញ្ញវត្ថុ, កិច្ចការបរទេស និងការពារជាតិផងដែរ ។

អំឡុងការគ្រប់គ្រងរបស់ព្រះអង្គ ប្រ៊ុយណេ ទទួលបាននូវឯករាជ្យយ៉ាងពេញលេញពីនឹមអាណានិគមរបស់អង់គ្លេសនៅឆ្នាំ ១៩៨៤ ហើយចាប់តាំងពីពេលនោះមក ប្រទេសប្រ៊ុយណេ ក៏សម្រេចបានជាបន្តបន្ទាប់នូវកម្រិតបទដ្ឋានសម្រាប់ការរស់នៅដ៏ខ្ពស់បំផុតមួយនៅក្នុងតំបន់អាស៊ី ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect | រូបភាព៖ Reuters/ SCMP