សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖យើងមិនត្រូវបណ្តោយឱ្យនយោបាយជ្រុលនិយមកើតមានក្នុងសង្គមរបស់យើងនោះទេ, យើងក៏គួរតែផ្តល់តម្លៃដល់អ្នកដែលរក្សាសន្តិភាព, ស្វែងរកសន្តិភាព
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងសារគន្លឹះថា “សម្រាប់អ្នកនយោបាយ ខ្ញុំជឿជាក់ថា ដល់ពេលដែលយើងត្រូវស្វែងរកការស្តារកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការកសាងភាពសុខដុមឡើងវិញ ជំនួសឱ្យការបែងចែក, ការកាត់ផ្តាច់ និងការប្រឈមមុខគ្នា។ កិច្ចសហប្រតិបត្តិការ ក៏មានតម្លៃផងដែរ ទាក់ទងនឹងការបង្កើតទំនុកចិត្ត, មិត្តភាព និងការជំរុញគោលការណ៍មនុស្សធម៌។ យើងមិនត្រូវបណ្តោយឱ្យនយោបាយជ្រុលនិយមកើតមានក្នុង សង្គមរបស់យើងនោះទេ។ យើងក៏គួរតែផ្តល់តម្លៃដល់អ្នកដែលរក្សាសន្តិភាព, ស្វែងរកសន្តិភាព ជំនួសឱ្យការផ្តល់លំហ និងការការពារដល់អ្នកនយោបាយជ្រុលនិយម ដែលចង់ធ្វើឱ្យសន្តិភាព រង្គោះរង្គើ, ញុះញង់ឱ្យមានការប្រយុទ្ធគ្នាជាមួយប្រទេសជិតខាង, ដំឡើងរបាំងរឹតត្បិតពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជន, និងលើកតម្កើងជាតិនិយមជ្រុលហួសហេតុ។ ការថ្លែងនេះក្នុងឱកាសដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញថ្លែងក្នុងសន្និសីទអន្តរជាតិលើកទី៣០ ស្តីពី «អនាគតរបស់អាស៊ី»នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ។
សម្តេចបវរធិបតី បានថ្លែងថា "ខ្ញុំជឿជាក់ថា អ្នកដឹកនាំសាធារណមតិទាំងអស់ សុទ្ធតែមានតួនាទីដែលត្រូវបំពេញលើបញ្ហានេះ"។ សម្តេចក៏បានលើកឡើងថា "នៅក្នុងកិច្ចការការបរទេស ប្រព័ន្ធផ្សព្វផ្សាយមានជម្រើសមួយដែលត្រូវធ្វើថាតើយើងចង់ធ្វើជាអ្នកបន្ថែមភ្លើង ឬ ជាអ្នកពន្លត់ភ្លើង។ជម្រើសណាក៏ដោយ ក៏ត្រូវធ្វើឡើងដោយគិតគូរពីផលប្រយោជន៍របស់ប្រជាជន នៃប្រទេសដែលពួកគេកំពុងរាយការណ៍ និងផលប៉ះពាល់ទៅលើទំនាក់ទំនងអន្តរជាតិ ដែល កើតចេញពីបញ្ហាវិបត្តិដែលកំពុងកើតឡើងនោះផងដែរ"។
សម្តេចបវរធិបតី សង្ឃឹមថា "ការពិភាក្សារបស់ខ្ញុំ នឹងជួយឱ្យអ្នកទាំងអស់គ្នាបានយល់ដឹងអំពី ទស្សនៈរបស់កម្ពុជាទៅលើស្ថានភាពបច្ចុប្បន្ន ក៏ដូចជាការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់យើង ចំពោះសន្តិភាព និងស្ថិរភាព ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងសុខុមាលភាព របស់ប្រជាជននៅក្នុងតំបន់"។
សូមជម្រាបថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងផងដែរថា " អស់រយៈពេលជាង ៣០ ឆ្នាំកន្លងមកនេះ វេទិកានីកកេ (Nikkei) មិនត្រឹមតែបានតាមដាន អំពីការរីកចម្រើនរបស់អាស៊ីប៉ុណ្ណោះទេ ប៉ុន្តែវេទិកានេះក៏បានចូលរួមចំណែកដល់ការរីកចម្រើន របស់អាស៊ី តាមរយៈការដើរតួនាទីជាវេទិកាដ៏មានប្រយោជន៍មួយសម្រាប់ការឆ្លុះបញ្ចាំង និង ពិភាក្សាលើបញ្ហាប្រឈមដែលអាស៊ីកំពុងជួបប្រទះ។ វេទិកានេះក៏ផ្តល់នូវការពិចារណាស៊ីជម្រៅ អំពីវិធីសាស្ត្រដែលអាស៊ីគួរសម្របខ្លួន និងដោះស្រាយបញ្ហាប្រឈមទាំងអស់នេះ"។សម្តេចបវរធិបតី បញ្ជាក់ថា "ប្រធានបទសម្រាប់ឆ្នាំនេះ “បញ្ហាប្រឈមរបស់អាស៊ីនៅក្នុងពិភពលោកដ៏ច្របូកច្របល់” គឺ មានភាពចាំបាច់ និងទាន់ពេលវេលា។ អាស៊ីកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន។ ការប្រកួតប្រជែងរបស់ប្រទេសមហាអំណាចបានធ្វើឱ្យអ្វីៗទាំងអស់នៅក្នុងទំនាក់ទំនងអន្តរជាតិមាន ភាពស្មុគស្មាញ ចាប់ពីបញ្ហានយោបាយ រហូតដល់ពាណិជ្ជកម្ម, ខ្សែច្រវាក់ផ្គត់ផ្គង់, និងការប្រកួត ប្រជែងផ្នែកបច្ចេកវិទ្យា។ ជម្លោះក្នុងតំបន់ និងសង្គ្រាមដោយតួអង្គតំណាងនៅតែបន្តកើតមាន"៕
អត្ថបទ ៖ ហ៊ន សុភ័ក្រ