សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចែករំលែកបញ្ហាប្រឈមសំខាន់ៗចំនួនបី ដែលមានផលប៉ះពាល់យ៉ាង សំខាន់ទៅលើទំនាក់ទំនងអន្តរជាតិ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងក្នុងសន្និសីទអន្តរជាតិលើកទី៣០ ស្តីពី «អនាគតរបស់អាស៊ី»នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះថា "ខ្ញុំសូមផ្តោតលើបញ្ហាប្រឈមសំខាន់ៗចំនួនបី ដែលមានផលប៉ះពាល់យ៉ាង សំខាន់ទៅលើទំនាក់ទំនងអន្តរជាតិ ហើយជាពិសេសគឺប៉ះពាល់ទៅលើជីវិតប្រចាំថ្ងៃរបស់យើង"។
បញ្ហាចំនួនបីនោះ បើតាមសម្តេចបវរធិបតី ហ៊ុន ម៉ាណែត គឺទី១ បញ្ហាជម្លោះទឹកដី បើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀត អាស៊ីមានសន្តិភាព ស្ថិរភាព និងវិបុលភាពជាងគេ យ៉ាងហោចណាស់នៅពេលនេះ។ ជាអកុសល ភាពតានតឹងថ្មីៗកំពុងកើនឡើងនៅតាមតំបន់ជា ច្រើនដែលមានភាពតានតឹងជាប្រពៃណីរួចទៅហើយ។ ដូច្នេះ អ្នកដឹកនាំទាំងអស់ត្រូវតែមានការ ឯកភាពគ្នាលើគោលដៅ, យុទ្ធសាស្ត្រលើចក្ខុវិស័យ និងភាពច្បាស់លាស់នៅក្នុងសកម្មភាពរួម"។ ក្នុងន័យនេះ សម្តេចបវរធិបតីបញ្ជាក់ថា យើងមិនគួរបណ្តោយឱ្យមានជម្លោះធំៗនៅក្នុងតំបន់របស់យើង តាមរយៈការពង្រឹង ទំនាក់ទំនងការទូត, ការគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ព្រមទាំង ការប្តេជ្ញាចិត្តរួមគ្នាដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព"។ បញ្ហា ទីពីរ បញ្ហាសង្គ្រាមពាណិជ្ជកម្ម សង្គ្រាមពាណិជ្ជកម្មបានធ្វើឱ្យប្រព័ន្ធពាណិជ្ជកម្មពហុភាគីសេរី, បើកចំហ, បរិយាប័ន្ន និង ផ្អែកលើច្បាប់ ចុះខ្សោយ។ ប្រទេសដែលខ្វះអំណាចចរចាកំពុងរងផលប៉ះពាល់ខ្លាំងជាងគេ ហើយ បញ្ហានេះ បាននិងកំពុងជះឥទ្ធិពលមិនសមាមាត្រគ្នាទៅលើអ្នកដែលងាយរងគ្រោះបំផុតក្នុង ចំណោមពួកយើង"។ បញ្ហាទី៣ បញ្ហាលទ្ធិជ្រុលនិយម និង ជាតិនិយមហួសហេតុ បញ្ហាដ៏គ្រោះថ្នាក់នេះកំពុងក្លាយជានិន្នាការដែលគួរឱ្យព្រួយបារម្ភ ។ អ្នកនយោបាយមួយចំនួនកំពុងលេងល្បែង ភ្នាល់គ្នាទៅលើភាពជ្រុលនិយម និងជាតិនិយមហួសហេតុ ដើម្បីស្វែងរកអំណាច។ ការអនុវត្តដ៏ គ្រោះថ្នាក់បែបនេះអាចនឹងបង្កឱ្យមានការបែកបាក់, ការរំខាន, ការផ្តាច់ទំនាក់ទំនង, ការប្រឈម មុខដាក់គ្នា និងភាពវឹកវរនៅក្នុងសង្គមរបស់យើង"។
ជាមួយនឹងការតម្កល់ប្រជាជនជាអាទិភាព សម្តេចបវរធិបតីបានអនុញ្ញាតចែករំលែកនូវមេរៀនមួយ ចំនួនដែលកម្ពុជាធ្លាប់ឆ្លងកាត់។ សម្តេចបវរធិបតី បានរៀបរាប់ថា "នៅកម្ពុជា យើងចាត់ទុកសន្តិភាពជាអាទិភាពខ្ពស់បំផុត។ កម្ពុជាបានចំណាយពេល ៣០ឆ្នាំ ដើម្បីបញ្ចប់សង្គ្រាមពីអតីតកាល។ ផ្អែកលើបទពិសោធន៍នេះ យើងមានភាពចាំបាច់ក្នុងការការពារ សន្តិភាពដែលមានស្រាប់ ជាជាងការស្តារឡើងវិញនូវសន្តិភាពដែលបានបាត់បង់រួចទៅហើយ"។ ជាមួយគ្នានេះ សម្តេចបវរធិបតី បានបញ្ជាក់ថា "អ្នកដឹកនាំទាំងអស់មានការទទួលខុសត្រូវរួមគ្នាក្នុងការមិនបណ្តោយឱ្យប្រទេស និងប្រជាជន របស់ខ្លួនធ្លាក់ចូលក្នុងសង្គ្រាម និងមិនបង្កឱ្យមានសង្គ្រាម ឬភាពវឹកវរណាមួយដែលអាចប៉ះពាល់ ដល់សន្តិភាព"៕
អត្ថបទ ៖ ហ៊ន សុភ័ក្រ