ព័ត៌មានជាតិ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ ចំនួន ១២គម្រោង ដែលមានតម្លៃទុនសរុប ១៥៥លានដុល្លារ

image


ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ១៥៥លានដុល្លារអាម៉េរិក។

កិច្ចប្រជុំនេះ ដឹកនាំដោយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ។

គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ១៥៥លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៧,៥ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ១១គម្រោង (រោងចក្រកែច្នៃលោហធាតុ, ផលិតក្រដាសកាតុង, ផលិតផលិតផលពិធីបុណ្យនានា-សម្លៀកបំពាក់បុណ្យ Halloween តុក្កតា ទៀន និងសម្ភារៈបន្ទាប់បន្សំ, ផលិតសម្ភារៈសត្វចិញ្ចឹម និងសម្ភារៈក្មេងលេង, ផលិតកម្រាលជ័រ និងបន្ទះក្តារ, ផលិតថ្នាំលាប និងទឹកថ្នាំ (ពីសារធាតុគីមី), ផលិតអំពូលភ្លើង សម្ភារៈលម្អក្នុងផ្ទះ និងគ្រឿងបន្ទាប់បន្សំអគ្គិសនីគ្រប់ប្រភេទ, ផលិតកង្ហារគ្រប់ប្រភេទ និងគ្រឿងបន្ទាប់បន្សំអេទ្បិចត្រូនិកគ្រប់ប្រភេទ, ផលិតគ្រឿងសង្ហារិម, ផលិត និងផ្គុំដំទ្បើងកង្ហារ និងផលិតតុក្កតាគ្រប់ប្រភេទ) និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ១គម្រោង (អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព ១០០មេហ្កាវ៉ាត់ ខេត្តបាត់ដំបង)។

សូមបញ្ជាក់ថា គម្រោងវិនិយោគទាំង១២ បានបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តប៉ៃលិន និងខេត្តបាត់ដំបង៕

អត្ថបទ៖ ចេង ឆហួត