គណបក្សនយោបាយក្នុងសម្ព័ន្ធគាំទ្រសម្ដេចតេជោ ហ៊ុន សែន ក្នុងការទប់ស្កាត់ក្រុមប្រឆាំងនយោបាយជ្រុលនិយម និងមិនអនុញ្ញាតឱ្យមានការរំលោភអធិបតេយ្យភាពកម្ពុជាឡើយ
ភ្នំពេញ៖ ប្រធានគណបក្សខ្មែររួបរួមជាតិ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និង ប្រធានគណបក្សខ្មែរតែមួយ បានសម្ដែងការគាំទ្រចំពោះការលើកឡើងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានចែករំលែកអំពីទស្សនៈទានទាក់ទងនឹងស្ថានភាពបញ្ហាកម្ពុជា-ថៃ ពិសេសការស្នើឱ្យគណបក្សនយោបាយក្នុងសម្ព័ន្ធទាំង២៨រួបរួមគ្នាទប់ស្កាត់ការប្រឆាំងជ្រុលនិយម ដែលបង្កដោយអ្នកនយោបាយនិរទេសក្រៅប្រទេស។
ការគាំទ្រនេះត្រូវបានមេបក្សទាំងបី លើកឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព ដែលធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅវិមាន៧មករា។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននេះ លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃ០៥ ខែមិថុនា ឆ្នាំ២០២៣ គណបក្សនយោបាយក្នុងសម្ព័ន្ធភាពមានសមាជិកតែ២៨គណបក្សប៉ុណ្ណោះរួមនឹងគណបក្សប្រជាជនកម្ពុជា ប៉ុន្តែនៅថ្ងៃនេះគណបក្សនយោបាយក្នុងសម្ព័ន្ធភាពបានកើនសមាជិក១គណបក្សទៀតគឺគណបក្សសន្តិភាពជាតិ។
លោក ជា ធីរិទ្ធ បានឱ្យដឹងពីលទ្ធផលក្នុងកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាព្រឹកមិញថា នៅក្នុងកិច្ចប្រជុំនោះសម្ដេចតេជោបានកោតសរសើរពីវឌ្ឍនភាពរបស់តំណាងគណបក្សនយោបាយសម្ព័ន្ធទាំងអស់ដែលបានរួបរួមគ្នា និងគាំទ្ររាជរដ្ឋាភិបាលតាមយន្តការនានាក្នុងពេលកន្លងមក។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បន្តថា នៅក្នុងគ្រានោះសម្ដេចតេជោបានលើកឡើងអំពីសភាពការណ៍កម្ពុជានិងថៃផងដែរ។ ដោយសម្ដេចតេជោគូសបញ្ជាក់ថា សម្ដេចមិនចង់ឃើញសង្គ្រាមឡើយតែបើមានការឈ្លានពានអធិបតេយ្យភាព កម្ពុជាត្រូវតែតបតនិងវាយបកវិញ។ តែយ៉ាងណាសម្ដេចតេជោនៅតែស្នើឱ្យមានភាពអត់ធ្មត់ ពិសេសត្រូវទប់ស្កាត់ការញុះញង់ឱ្យមានការស្អប់ខ្ពើមជាតិសាសន៍ និងការឆក់ឱកាសពីសំណាក់ពួកនយោបាយជ្រុលនិយម។
ចំណែក លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ម៉ម សុណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងលោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ សុទ្ធតែបានលើកឡើងដូចៗគ្នាថា គណបក្សពួកលោកគឺគាំទ្រប្រសាសន៍សម្ដេចតេជោ និងគាំទ្ររាជរដ្ឋាភិបាលជានិច្ចក្នុងការថែរក្សាសុខសន្តិភាពជូនប្រជាជន និងប្រទេសជាតិ។
ជាមួយគ្នានោះ ពួកលោកបានអះអាងថា គ្មានសមាជិកក្នុងគណបក្សលោកណាមួយទៅចូលរួមជាមួយក្រុមប្រឆាំងជ្រុលនិយមឡើយ។ ហើយពួកលោកក៏បានអរគុណសម្ដេចតេជោ ហ៊ុន សែន ដែលអនុញ្ញាតដល់គណបក្សនយោបាយក្នុងសម្ព័ន្ធទាំង២៩បានចូលរួមក្នុងពិធីសមាជបក្សរបស់គណបក្សប្រជាជនកម្ពុជានាថ្ងៃទី០២ និងទី០៣ ខែមិថុនា ឆ្នាំ២០២៥ខាងមុខផងដែរ៕
អត្ថបទ៖ សុភៈនារី
រូបភាព៖ លោក អេង សុគុណ លោក ប៉ក់ សុឃីម