ព័ត៌មានអន្តរជាតិ

លោកត្រាំ គ្រោងដំឡើងពន្ធលើផលិតផលដែកថែប និងអាលុយមីញ៉ូមសកល ពី២៥% ដល់ ៥០%

image


សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធនាំចូលដែកថែប និងអាលុយមីញ៉ូម ដោយបង្កើនពី ២៥% ទៅ ៥០% ដោយការប្រកាសនេះ បានបង្កើនសម្ពាធលើអ្នកផលិតដែកថែបនៅប្រទេសផ្សេងទៀតទូទាំងសកលលោក និងធ្វើឱ្យសង្គ្រាមពាណិជ្ជកម្មនៅតែបន្តអូសបន្លាយ ។
លោកត្រាំ បានរៀបរាប់យ៉ាងដូច្នេះ អំឡុងលោកស្ថិតនៅឯការជួបជុំគ្នានៅខាងក្រៅទីក្រុងភីតស្ប៊ើក (Pittsburgh) រដ្ឋផេនស៊ីលវ៉ានី (Pennsylvania) ជាទីកន្លែងដែលលោកនិយាយអំពីកិច្ចព្រមព្រៀងតម្លៃ ១៤.៩ ពាន់លានដុល្លាររវាងក្រុមហ៊ុននីបផុនស្ទៀល (Nippon Steel) និងយូអេសស្ទៀល (US Steel)។ ការបង្កើនពន្ធលើផលិតផលដូចបានរៀបរាប់ខាងលើនេះ ធ្វើឡើងដើម្បីធានានូវសុវត្ថិភាពបន្ថែមទៀតដល់ឧស្សាហកម្មដែកនៅក្នុងទឹកដីសហរដ្ឋអាម៉េរិក ។
ពន្ធថ្មីនេះ នឹងចូលជាធរមាននៅថ្ងៃពុធ ហើយអនុវត្តចំពោះផលិតផលជាច្រើនប្រភេទ។ ឥទ្ធិពលនៃការប្រកាសនេះ ក៏បានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនដែកថែប ក្លេវើលេនដ៍ គ្លីហ្វ អាយអិនស៊ី (Cleveland-Cliffs Inc) បានកើនឡើង ២៦% ខណៈអ្នកវិនិយោគខ្លះ យល់ថា ការយកពន្ធថ្មីនេះ នឹងជួយបង្កើនប្រាក់ចំណេញរបស់ពួកគេ ។
ការឡើងថ្លៃទ្វេដងលើផលិតផលដែកថែប និងអាលុយមីញ៉ូម ធ្វើឱ្យសង្គ្រាមពាណិជ្ជកម្មហាក់បន្តកើនឡើងកាន់តែខ្លាំងឡើងៗ ហើយការប្រកាសរបស់លោកត្រាំនេះទៀតសោត បានកើតឡើងនៅប៉ុន្មានម៉ោងបន្ទាប់ពីលោកបានចោទប្រកាន់ប្រទេសចិន ថាបានរំលោភបំពានលើកិច្ចព្រមព្រៀងពន្ធបដិការជាមួយសហរដ្ឋអាម៉េរិក រួមទាំងការរឹតបន្តឹងពាណិជ្ជកម្មសម្រាប់ធនធានរ៉ែសំខាន់ៗ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters | រូបភាព៖ Reuters/ KENNY HOLSTON/ NYTIMES