ព័ត៌មានអន្តរជាតិ

សហរដ្ឋអាម៉េរិក ស្នើអូស្ត្រាលីឱ្យបង្កើនការចំណាយលើវិស័យការពារជាតិរហូតដល់ ៣.៥% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន

image


សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក ភីត ហេកស៊ែត (Pete Hegseth) បានស្នើឱ្យប្រទេសអូស្ត្រាលី គួរតែបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួនក្នុងទំហំរហូតដល់ ៣.៥% នៃផលិតផលក្នុងស្រុកសរុប ឬ GDP របស់ខ្លួន ឱ្យបានឆាប់ៗតាមតែអាចធ្វើទៅបាន ។
មន្ត្រីអាម៉េរិក បានលើកឡើងយ៉ាងដូច្នេះ ក្នុងអំឡុងស្ថិតនៅឯកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក រីឆាដ ម៉ាឡេស (Richard Marles) នេះបើយោងតាមការបញ្ជាក់ដោយមន្ទីរបញ្ចកោណកាលពីថ្ងៃអាទិត្យ ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិទាំងពីរ និយាយថា ប្រមុខការពារជាតិក៏បានពិភាក្សាគ្នាអំពីបញ្ហាសន្តិសុខ, ពង្រឹងសមត្ថភាពកងកម្លាំងយោធាអាម៉េរិកឱ្យកាន់តែរឹងមាំ និងឆ្លើយតបរហ័សនៅក្នុងប្រទេសអូស្ត្រាលី, ធ្វើការជាមួយគ្នាកាន់តែជិតស្និទ្ធលើការកសាង និងអភិវឌ្ឍគ្រឿងយុទ្ធោបករណ៍, បង្កើនភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ ទោះបីជាស្ថិតនៅក្នុងស្ថានភាពដែលមានការរំខានក៏ដោយ ។
រដ្ឋមន្ត្រីការពារជាតិទាំងពីរ បានជួបជុំគ្នាកាលពីថ្ងៃសុក្រ ក្នុងអំឡុនសន្និសិទការពារជាតិនិងសន្តិសុខ Shangri-La Dialogue ជាសន្និសិទសន្តិសុខដ៏សំខាន់មួយនៅតំបន់អាស៊ី។ នេះជាជំនួបលើកទី២ រវាងមន្ត្រីការពារជាតិទាំងពីរ ចាប់តាំងពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) ចូលកាន់តំណែងកាលពីខែមករា ។
ទោះជាបែបណាក្ដី បន្ទាប់ពីកិច្ចប្រជុំនោះ លោកម៉ាឡេស (Marles) និយាយថា ក្នុងអំឡុងកិច្ចប្រជុំ ភាគីទាំងពីរមិនទាន់យល់ព្រមគ្នាលើការបង្កើនទំហំចំណាយជាក់លាក់នៅឡើយទេ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters | រូបភាព៖ ប្រភពនានា