ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ មុនរដ្ឋប្រហារឆ្នាំ១៩៧០ ទិន្នផលកសិកម្មកម្ពុជាមានជាង៣លានតោន សម្ដេចថាប្រសិនបើប្រៀបធៀបមកដល់ពេលនេះ​ ទិន្នផលអាចឈានដល់គុណនឹងដប់ដែលស្មើ៣០លានតោន​ ប្រសិនបើគ្មានសង្គ្រាម

image


ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា ព្រឹទ្ធសភាបានថ្លែងថា មុនរដ្ឋប្រហាឆ្នាំ១៩៧០ ដំណាំកសិកម្មកម្ពុជាមានជាង៣លានតោនហើយ សម្ដេចបានអះអាងថាប្រសិនបើប្រៀបធៀមមកដល់ពេលនេះយ៉ាងហោចណាស់បើគុណនឹងដប់ដងគឺពី៣លានតោន ដល់៣០លានតោនប្រសិនបើគ្មានសង្គ្រាម ។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះក្នុងឱកាសអញ្ជើញបន្ដដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នាវិមានរដ្ឋសភា នារសៀលថ្ងៃទី០៣ មិថុនា ឆ្នាំ២០២៥ ដែលអង្គសមាជកំពុងពិភាក្សាទៅលើរបៀបវារ:ទី៣ ស្ដីពីវិស័យកសិកម្ម ។

សម្ដេចថ្លែងថា “ កាលនោះបើទោះជាកម្ពុជាអាចផលិតនូវផលិតផលកសិកម្មបានតែជាង៣លានតោន តែកម្ពុជាអាចចិញ្ចឹមប្រជាជនរស់ និងបាននាំចេញទៅកាន់ប្រទេសជាច្រើន ហើយនយោបាយទឹកគឺដឹកនាំដោយព្រះករុណាបិតា នេះបានសេចក្ដីថាមកដល់ពេលនេះយើងមិនស្ថិតក្នុងស្ថានភាពបែបនេះទេ គឺប្រហែលជាយើងអាចបង្កបង្កើនផលលាតសន្ធឹងទូទាំងប្រទេសនិយាយដោយយុត្ដិធម៌ត្រង់ចំនុចនេះ “។

សម្ដេចតេជោ បន្ដថា ប្រសិនប្រទេសរបស់យើងមិនមានរដ្ឋប្រហារឆ្នាំ១៩៧០ តើ៥០ឆ្នាំក្រោយ តើប្រទេសរបស់យើងនឹងរីកចម្រើនលូតលាស់កម្រិតណា កាលពេលនោះតាមរយ:ស្ថិតិរបស់ លោក ស៊ុន ចាន់ថុល យើងមានប្រាក់ចំណូលរហូតដល់២៧៨ដុល្លា ក្នុងពេលកូរ៉េខាងត្បូងមានមិនដល់១០០ដុល្លាផង តែបើនិយាយមកដល់បច្ចុប្បន្ន កម្ពុជាមានមិនដល់៣០០០ដុល្លា តែកូរ៉េខាងត្បូងឡើងដល់៥០,០០០ដុល្លាបាត់ទៅហើយ នេះគឺដោយសាររដ្ឋប្រហារ១៩៧០ ។

សម្ដេចថ្លែងបន្ដថា និយាយពីប្រជាសាស្រ្ដវិញ កាលនោះកម្ពុជាមានប្រជាជន៦ឬ៧លាន ប៉ុន្ដែដោយសារសង្គ្រាមនៅឆ្នាំ១៩៧៩ យើងនៅសល់ប្រជាជនប្រមាណជាង៥លាននាក់ប៉ុណ្ណោះ ហើយបច្ចុប្បន្នឡើងដល់១៧លាននាក់ តែប្រសិនពេលនោះយើងគ្មានសង្គ្រាមប្រហែលពេលនេះប្រជាជនកម្ពុជាមានប្រហែល២៥ ទៅ៣០លាននាក់ នេះបើនិយាយតាមការគណនា និងល្បឿននៃការអភិវឌ្ឍនៃជំនាន់នោះ ៕

អត្ថបទ ៖ឈឹម ធីតា រូបភាព ៖​ អេង​ សុគុណ, ប៉ក់ សុឃីម